កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពស៊ើបការណ៍អាមេរិកថា រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រាប់ជំនួយការជាន់ខ្ពស់ម្នាក់ថា លោក Jamal Khashoggi នឹងត្រូវតាមចាប់ដោយ “គ្រាប់កាំភ្លើង” មួយឆ្នាំមុនពេលអ្នកកាសែតប្រឆាំងរូបនេះត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសនេះប្រចាំទីក្រុងអ៊ីស្តង់ប៊ុល។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចារកម្មអាមេរិកយល់ថា ព្រះអង្គ Mohammed bin Salman ព្រះជន្ម៣៣វស្សាបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្លាប់អ្នកកាសែតរូបនេះបើទោះបីជាព្រះអង្គប្រហែលជាមិនមានបំណងបាញ់គាត់ក៏ដោយ។
បន្ទាប់ពីបដិសេធដឹងអំពីការបាត់ខ្លួនរបស់លោក Khashoggi, ប្រទេសនេះបានទទួលស្គាល់ថា ក្រុមមួយបានសម្លាប់គាត់នៅក្នុងបេសកកម្មការទូតប៉ុន្តែបានពណ៌នាវាថាជាប្រតិបត្តិការដ៏សាហាវដែលមិនពាក់ព័ន្ធនឹងរាជទាយាទទេ។
កាសែត The Times បានរាយការណ៍ថា ការសន្ទនានេះត្រូវបានលួចស្តាប់ដោយភ្នាក់ងារចារកម្មអាមេរិកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំដោយភ្នាក់ងារសន្តិសុខជាតិនិងទីភ្នាក់ងារដទៃទៀតដើម្បីចាប់យកនិងរក្សាទុកទំនាក់ទំនងនៃមេដឹកនាំសកលលោករាប់បញ្ចូលទាំងសម្ព័ន្ធមិត្តផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានកត់ត្រាទុកដោយសារតែមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយចារកម្មអាមេរិកដើម្បីរកភ័ស្តុតាងបន្ថែមទៀតដែលភ្ជាប់ទំនាក់ទំនងរវាងព្រះអង្គម្ចាស់ទៅនឹងការសម្លាប់នេះ។
កាសែតនេះបាននិយាយថា ការសន្ទនានេះបានធ្វើឡើងរវាងព្រះអង្គម្ចាស់ Mohammed និងជំនួយការម្នាក់ឈ្មោះ Turki Aldakhil នៅក្នុងខែកញ្ញាឆ្នាំ២០១៧ប្រហែលជា១៣ខែមុនការសម្លាប់នៅថ្ងៃទី២ខែតុលា។
ព្រះអង្គម្ចាស់មានបន្ទូលថា ប្រសិនបើលោក Khashoggi មិនអាចត្រូវបានគេទាក់ទាញឲ្យត្រលប់មកកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញទេនោះ បន្ទាប់មកគាត់គួរតែត្រូវបាននាំមកវិញដោយកងកម្លាំង។ ហើយប្រសិនបើវិធីសាស្ត្រទាំងនោះនៅតែមិនទទួលបានលទ្ធផល ព្រះអង្គនឹងតាមចាប់លោក Khashoggi ដោយគ្រាប់កាំភ្លើង៕ AFP
Source: Kampuchea Thmey Daily
0 Comments