ភ្នំពេញ ៖ ទីបំផុតក្រមាខ្មែរដ៏វែងអន្លាយផុតកន្ទុយភ្នែក បានបំបែកនូវឯតទគ្គកម្មក្រមា ដែលវែងជាងគេលើពិភពលោកដោយ អង្គការ Guinness World Record ក្នុងប្រវែង ១,១៤៩.៨ ម៉ែត្រ បន្ទាប់ពីយុទ្ធនាការ ដ៏សកម្មនៃចលនា GOGO CABODIA ដោយទទួលបានភ្ញៀវចំនួនសរុប ៣៣ម៉ឺន៨ពាន់០៥០នាក់ ដែលក្នុងនោះមានអ្នក ចុះឈ្មោះរៀនត្បាញ ចំនួន ២ម៉ឺន ២ពាន់ ៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។
ការប្រកាសជាផ្លូវការ នូវ ក្រមា វែង ជាង គេ នៅលើពិភពលោករបស់កម្ពុជា WORLD GUINESS RECORDនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីមហាជនប្រមាណ៣ម៉ឺននាក់។
បន្ទាប់ពីការវាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់ហើយនោះ គណៈកម្មការមួយនេះ បានសម្រេចឲ្យក្រមា ខ្មែរ ជាប់ ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវ បានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណ មជ្ឈមណ្ឌលកោះពេជ្រ ចំពោះសមិទ្ធផលថ្មីមួយដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ ដែលនេះជាមោទនភាព ជាកិត្តិយស ជាតិថ្មីមួយទៀត ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង។
បើតាមលោកបណ្ឌិត សាន វឌ្ឍនា ប្រធានចលនាGOGOCABODIA បានបញ្ជាក់ថា យុទ្ធនានៃការ បំបែក ឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោកនេះ បានចាប់ដំណើរអស់រយៈពេលជាង៥ខែ ពោលចាប់តាំងពីថ្ងៃទី ១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ប្រសិនបើយើងយកសរសៃអំបោះនីមួយៗ នៃក្រមានេះមក តភ្ជាប់គ្នាជាសរសៃតែមួយវាមានប្រវែងប្រមាណ២លាន៩១ម៉ឺន២ពាន់៦២៥ម៉ែត្រ។
លោកបណ្ឌិតបានបន្ថែមថា អ្នកចុះ ឈ្មោះរៀនត្បាញទាំង ២២,៣១៥ រួមមាន ប្រុស ១៤,២៤០នាក់ និង ស្រី ៨,០៧៤នាក់។ ចំណែកភ្ញៀវជាតិ បាន អញ្ជើញ មកទាំង២៥រាជធានី-ខេត្ត និងមានវត្តមានដ៏ឧត្តុង្គឧត្តម ពីអង្គព្រះមហាក្សត្រ ,សម្តេចម៉ែ ព្រះវររាជ្យមាតា ជាតិ ខ្មែរ, វត្តមាន ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, រដ្ឋមន្ត្រីនៃបណ្តាក្រសួង ស្ថាប័ននានា, មន្ត្រីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នែក), កុមារកំព្រា, ស្ត្រីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈ ករ និងកីឡាករល្បីៗ និងសាធារណជនទូទៅ។ ដោយឡែកភ្ញៀវអន្តរជាតិ សរុបប្រមាណ១,១៣១នាក់ បានអញ្ជើញ មក ពីប្រទេសចំនួន ៥៧ ជុំវិញពិភពលោក ហើយប្រទេសដែលចូលរួមត្បាញបានច្រើនជាងគេគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ចន្លោះ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកនោះ ហើយការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះផងដែរ។ បន្ទាប់ពីត្បាញបានប្រវែងជាង ១០០០ម៉ែត្រតាមការគ្រោងទុកហើយនោះ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រមាខ្មែរដែលវែងជាងគេលើពិភពលោក ត្រូវបានពន្លាតដោយមានការវាស់និងត្រួតពិនិត្យ ពីគណៈកម្មការ ឯតទគ្គកម្មពិភពលោក (Guinness World Records) និងបានប្រកាសជាផ្លូវការ ដោយតំណាងគណៈកម្មការនេះថា ក្រមា ខ្មែរ ជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេលើពិភពលោក អមដោយស្នូរទះដៃ និងសម្រែកហ៊ោកញ្ជ្រៀវ ពីសំណាក់ អ្នកចូលរួមរាប់ម៉ឺននាក់ បានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ក្នុងន័យអបអរសាទរចំពោះ សមិទ្ធផលថ្មីមួយ ដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ គឺជាមោទនភាពជាតិ ជាកិត្តិយសជាតិថ្មីមួយទៀត ដែលពលរដ្ឋ ខ្មែរបានរួមគ្នាកសាងឡើងទុកជាកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ។ យុទ្ធនាការក្រមា ៖ «បំបែក ឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែ រក្សានិងលើកស្ទួយ មរតក វប្បធម៌ប្រពៃណីខ្មែរ។
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕
Source: Kampuchea Thmey Daily
0 Comments