ដំណេកគឺជាភាពចាំបាច់ចំពោះសព្វសត្វលោក ហើយដំណើរគេងមិនលក់ ឬអត់ងងុយគេងនោះ វានឹងបង្កឲ្យកើតមានបច្ច័យមិនល្អ ទាំងរយៈពេលវែង និងរយៈពេលខ្លី ចំពោះរូបកាយរបស់មនុស្ស។
ដំណេកជាតម្រូវការមួយយ៉ាងចាំបាច់ខានពុំបាន ក្នុងចំណោមតម្រូវការទាំងឡាយសម្រាប់រូបកាយរបស់មនុស្សយើង។ ការបាត់បង់ដំណេកក៏មិនខុសអ្វីពីការបាត់បង់ការបរិភោគអាហារ ឬបាត់បង់ជាតិទឹកយ៉ាងនោះដែរ។ នោះហើយ គឺជាមូលហេតុ ដែលនាំឲ្យរូបកាយរបស់អ្នកធ្លាក់ខ្លួនឈឺ និងធ្លាក់ចុះខ្សោយ។ ប្រសិនបើករណីបែបនេះចេះតែកើតមានជាបន្ដ រូបកាយ ដែលមិនបានសម្រាកសម្រាន្ដក៏ធ្លាក់ទៅក្នុងសភាពខ្វះការបំប៉ន នៅផ្នែកសរីរាង្គជាពិសេស។ ដូច្នេះហើយការអត់ងងុយមិនបានសម្រាកសម្រាន្ដនឹងនាំដល់រូបកាយរបស់អ្នកឲ្យទទួលរងនូវបញ្ហា ៥ យ៉ាងមានដូចតទៅ៖
១.ប្រព័ន្ធរាងកាយរបស់អ្នកចុះចុះខ្សោយ
ដោយមិនបានបង្កលក្ខណៈឲ្យរូបកាយទទួលបានការសម្រាកសម្រាន្ដនោះ ក៏នឹងបង្កឲ្យមានការជះឥទ្ធិពលមិនល្អដល់ផ្នែកសំខាន់ៗ នៃសរីរាង្គកាយ ឬអាចរូបកាយទាំងស្រុងតែម្ដង។ ប្រព័ន្ធរាងកាយរួមមាន ប្រព័ន្ធសរសៃប្រសាទប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធសរសៃឈាមបេះដូង ប្រព័ន្ធស៊ាំនឹងជំងឺ និងប្រព័ន្ធយល់ដឹងសតិបញ្ញាខួរក្បាល ហើយប្រព័ន្ធទាំងអស់នោះក៏ទទួលរងក្ដីអន្តរាយដ៏ធ្ងន់មួយចំនួនផងដែរ។
២. អ្នកនឹងងាយទទួលរងនូវវេទនារម្មណ៍
ដោយសារតែភាពអត់ងងុយញាំញី ការផលិតអ័រម៉ូននៃរូបកាយរបស់អ្នកហាក់ដូចជាមិនដំណើរការល្អប្រសើរនោះទេ។ នោះគឺជាបច្ច័យរួមគ្នានៃអារម្មណ៍ខុសប្រក្រតី ងាយទទួលរងវេទនារម្មណ៍ ក្ដីរំជួលចិត្ដ ហើយងាយនឹងឆាប់ខឹង ដែលមិនអាចស្មានទុកជាមុនបាន។ នេះជាកត្ដាគ្រោះថ្នាក់ចំពោះមនុស្សផងទាំងឡាយ នៅចំពោះហានិភ័យ ឬក៏ប្រឈមទៅនឹងអាការៈធ្លាក់ទឹកចិត្ដ។
៣. អ្នកប្រហែលជាងាយក្លាយទៅជាជនរងគ្រោះថ្នាក់
ប្រសិនបើអ្នកមិនបានកត់សម្គាល់ថា អ្វីៗទាំងអស់ហាក់ដូចជាខុសឆ្គង បន្ទាប់ពីអត់ងងុយរយៈពេលពេញមួយរាត្រីទេនោះគឺពិតជាមានទិន្នន័យវិទ្យាសាស្ដ្រ ដើម្បីប្រាប់អ្នកថា ហេតុអ្វីទើបបានជាបញ្ហាកើតមានឡើង។ ទេ! អ្នកមិនមែនវិកលចរិតឡើយ បន្ទាប់ពីអត់ងងុយអស់រយៈពេលពេញមួយរាត្រីមកនោះ ប៉ុន្ដែអ្នកពិតជាងាយស្រូបយកគ្រោះថ្នាក់ជាយថាហេតុ។ ថ្វីបើអ្នកមិនអាចឃើញវាដោយប្រាកដក្ដី ក៏រយៈពេលពេញ ២៤ ម៉ោងដោយមិនបានសម្រាកសម្រាន្ដនោះហើយ គឺគ្រប់គ្រាន់ចំពោះការធ្លាក់ចុះខ្សោយទាំងដៃ និងភ្នែក វាប្រៀបដូចជាឥទ្ធិពលនៃជាតិសុរាផ្ដុំនៅក្នុងឈាមស្មើនឹងកម្រិត ០.១ នោះដែរ ហើយក៏កាន់តែធ្ងន់ជាងនោះទៅទៀត ខណៈពេលវេលាអត់ងងុយចេះតែបន្ដថែមទៅទៀតនោះ។
៤. ការចងចាំរបស់អ្នករងអន្ដរាយ
មុខងារនៃការយល់ដឹង និងការចងចាំអាចកាន់ធ្លាក់ចុះខ្សោយ ខណៈពេលដែលអ្នកអត់ងងុយពេញរយៈពេលមួយរាត្រីឬក៏សូម្បីតែទទួលទានដំណេកមិនបានគ្រប់ម៉ោង គឺអាចតិចជាង ៦ ម៉ោង។ ដោយជះឥទ្ធិពលទៅលើផ្នែកផ្សេងៗនៃប្រព័ន្ធរូបកាយនោះ ការបាត់បង់ដំណេកជះឥទ្ធិពលជាចម្បងទៅលើខួរក្បាល។ ភាពអត់ងងុយរយៈពេលវែង ដោយបន្ដកើតមានរយៈពេលយូរម៉ោងពេក ពិតជាបង្កជាបច្ច័យដ៏អាក្រក់ដល់អង្គចងចាំ មិនថាពេលណានោះឡើយ។
៥. អ្នកនឹងកើនទម្ងន់រូបកាយយ៉ាងឆាប់រហ័ស
ព្រោះតែអតុល្យភាពនៃអ័រម៉ូន ដែលកើតមានឡើងដោយដំណេកពុំលក់ ឬអត់ងងុយ ផែនការ ដែលចង់សម្រកទម្ងន់រូបកាយប្រាកដជាមិនអាចធ្វើទៅរួចបានទេ។ ដំណេកកាន់តែតិចម៉ោង នឹងកាត់បន្ថយនូវការផលិត ព្រមទាំងនិយតកម្មទៅលើអ័រម៉ូន ghrelin, leptin ព្រមទាំងអ័រម៉ូន peptides ដទៃទៀត ដែលនាំឲ្យយើងចេះតែចង់បរិភោគកាន់តែច្រើនមិនថាតែអាហារ ដែលចង់បរិភោគ ឬអាហារមិនសមនឹងបរិភោគក្ដី។ ដោយសារតែមានអាការៈច្របូកច្របល់នៃប្រព័ន្ធរំលាយអាហារនោះ បែរជារូបកាយរបស់មនុស្សចង់បន្ថែមជាជំនួសដោយកាឡូរីវិញ។ នោះហើយ ដែលរូបកាយរបស់អ្នកផ្ទុកទៅដោយចំណីអាហារ ដែលមានកាឡូរីខ្ពស់ រួមជាមួយជាតិខ្លាញ់ និងជាតិស្ករក៏ខ្ពស់។ ជាហេតុផលមួយដ៏ល្អអ្នកត្រូវតែសម្រាកសម្រាន្ដឲ្យបានពេញ ៨ ម៉ោងទៅតាមអនុសាសន៍ណែនាំ៕
ដំណើរគេងមិនលក់ ឬអត់ងងុយគេង៖ មានបញ្ហា ៥ យ៉ាងដែលជះឥទ្ធិពលមកលើរូបកាយរបស់អ្នក
0 Comments