ការដើរតួជាគណបក្សប្រឆាំងលុះត្រាណាតែគណបក្សនោះជាគ្រូគេ និងមានចំណេះដឹងក្នុងការរៀបចំចាត់ចែងសង្គម ប្រកបដោយបទពិសោធន៍ច្រើនជាង គេទើបទៅរួច។ ផ្ទុយទៅវិញបើគណបក្សនយោបាយនោះខ្សោយជាងគេទេ ប្រាកដជាការប្រឆាំងនោះប្រព្រឹត្តទៅដោយព្រាវៗ រហូតដល់មានគ្រោះថ្នាក់ហៅថា ជាការប្រឆាំងបែបដួលផ្កាប់មុខពិតប្រាកដ។
កន្លងមកនេះមានរយៈពេល៥អាណត្តិមកហើយដែលមកទល់ពេលនេះមាន២២ឆ្នាំ ហើយដែលគេដឹងថា គណបក្សដើេរតួប្រឆាំងនោះមិនបានទទួលលទ្ធផលល្អនោះទេ គឺតែងដូចពាក្យគេនិយាយថា ជាការប្រឆាំងបែបផ្កាប់មុខមែន។ អ្វីដែលជាការផ្កាប់មុខនេះគឺទី១ ដេកផ្កាប់មុខ និងទី២ ដួលផ្កាប់មុខ។ ចំពោះការដេកផ្កាប់មុខនោះមិនបានមើលឃើញអ្វីៗនោះទេដោយការធ្មេចភ្នែកនៅលើកន្ទេលខ្នើយប៉ុណ្ណោះ។ មានន័យថា សម្រាក ឬចតនៅស្ងៀម ដោយមិនមានសកម្មភាពអ្វីក្រៅពីធ្មេចភ្នែកយ៉ាងងងឹត ងងុលនោះទ។ ដោយឡែកចំពោះបញ្ហាផ្កាប់មុខម្យ៉ាងទៀតគឺជាការដួលដែលជាការរត់មានការទាក់ជើងដួលហើយដែលជាការដួលដោយផ្កាប់មុខតែម្តង។ នេះជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ព្រោះកាលណាដួលផ្កាប់មុខតែងមានការប៉ះពាល់ដល់មុខ,ច្រមុះ និងធ្មេញ ដែលគេតែងនិយាយថា បណ្តាលឲ្យបែកមុខបែកមាត់ និងបាក់់់់់់់ធ្មេញទៀតផង។ នេះជាបុព្វហេតុបណ្តាលឲ្យរត់មិនទាន់គេ និងនាំឲ្យមានគ្រោះថ្នាក់មហន្តរាយដល់ខ្លួន។
យ៉ាងណាមិញបើគេធ្វើការប្រៀបធៀបនឹងការដួលផ្កាប់មុខនេះទៅគណបក្សប្រឆាំងស្រុកខ្មែរក៏មិនខុសគ្នាដែរ។ ចំពោះអ្វីដែលជាការល្បីល្បាញនោះគឺ ការប្រឆាំងដោយការដួលផ្កាប់មុខតែប៉ុណ្ណោះ។ នេះហើយដែលជាសមត្ថភាពនៃការប្រឆាំងតាមបែបអស្មិមានះទាំងកម្រោលបួនជ្រុង បណ្តាលឲ្យជួបនូវការបរាជ័យជាញឹកញាប់បំផុត។ ជាក់ស្តែងចំពោះលោកសម រង្ស៊ី ជាមេគណបក្សប្រឆាំងដែលហៅថា ជាការប្រឆាំងផ្កាប់មុខនោះកន្លងមកជាច្រើនអាណត្តិមកនេះដូចជាមិនបានទទួលផលអ្វីក្រៅពីការផ្តន្ទាទោសតាមច្បាប់ឲ្យជាប់ពន្ធនាគារឡើយ។ អ៊ីចឹងតើឲ្យមតិនៃមជ្ឈដ្ឋានសាធារណយល់យ៉ាងម៉េច? បើការប្រឆាំងរបស់គាត់ប្រព្រឹត្តទៅទាំងធ្មេចភ្នែកយ៉ាងនេះ បណ្តាលឲ្យរងគ្រោះជាប់គុកជាប់ច្រវាក់ទាំងកូនចៅផង និងទាំងរូបគាត់ផង តើឲ្យអ្នកណានៅគាំទ្រតទៅទៀត? រឿងនេះវាមិនខុសពីការទទួលរងថ្មបាក់នោះឡើយដែលគេបានឃើញជាក់ស្តែងថា ថ្មនោះវាបាក់ដួលរលំមកហើយតើឲ្យនរណាមានចិត្តក្លាហានទៅតស៊ូទទួលរងថ្មនោះទៀត? ជាក់ស្តែងកន្លងមកពួកអ្នកជាប់គុកគឺនៅតែជាប់គុកដដែលដោយមេៗពុំមានលទ្ធភាពដោះស្រាយនោះទេ។ មិនតែប៉ុណ្ណោះចំពោះមេក៏រត់ចោលស្រុកព្រោះមានទោសវណ្ឌក តាមរយៈការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដែរ តើឲ្យនរណាជួយនរណាទៅ? នេះជាឧទាហរណ៍ ចំពោះមុខមួយដែលបណ្តាលឲ្យអ្នកដែលធ្លាប់គាំទ្រគណបក្សនេះបានសម្រេចចិត្តងាកបែរ ឬចុះចេញទាំងលែងមានការសោកស្តាយអ្វីទាំងអស់។
ជាការពិតណាស់ចំណោះការដើរតួជាគណបក្សប្រឆាំងគឺគេគ្រាន់តែជួយសហការក្នុងន័យចាប់កំហុសដើម្បីកែម្អតាមរយៈពាក្យស្លោកមួយឃ្លាពោលថា “មនុស្សច្រើនយោបល់ច្រើន” ប៉ុណ្ណោះ។ ពោលគឺមិនមែនជាការប្រឆាំងដោយការផ្តួលរំលំគ្នានោះទេ។ ជាពិសេសមុននឹងទូន្មាន ឬណៃនាំគេឲ្យបានដើរផ្លូវត្រូវ ឬផ្លូវល្អនោះលុះត្រាតែខ្លួនឯងធ្វើបានល្អជាងគេជាមុនសិន។ ចុះបើខ្លួនឯងលាងតែគូទឯងមិនជ្រះផង ធ្វើម្តេចទៅព្យាយាមលាងគូទឲ្យគេបានជ្រះទៅ? អ្វីដែលចាំបាច់នោះលុះត្រាតែអ្នកប្រឆាំងបានបញ្ចេញស្នាដៃល្អជាគំរូគេសិនទើបអាចបង្វែរគេឲ្យតាមគំនិតខ្លួនបាន។ ផ្ទុយទៅវិញបើខ្លួនឯងរស់តែពាក្យត្រគាកស្លាប់ស្តូកនោះពិតជាមិនអាចទៅមុខរួចឡើយ។
សរុបសេចក្តីមកការធ្លាក់ទឹកនៃលោកសម រង្ស៊ី ជាច្រើនដងមកនេះពិតជាមិនមាននាំសាច់ការអ្វីជាដុំកំភួនសម្រាប់ជួយជាតិក្រៅពីពាក្យថា ជាការប្រឆាំងផ្កាប់មុខដែលមានភាពល្បីល្បាញខាងការជាប់គុកទៅវិញ។ នេះជាមេរៀនមួយសម្រាប់គណបក្សប្រឆាំងជាច្រើនទៀតកុំឲ្យរៀនសូត្រតាមបែបប្រឆាំងផ្កាប់មុខគឺត្រូវតែប្រឆាំងងើបមុខក្នុងការជួយជាតិក្នុងនាមពហុបក្សទើបជាតិបានជោគជ័យ៕
ទស្សនៈ ៖ ប្រឆាំង ផ្កាប់មុខ
0 Comments