ភ្នំពេញ ៖ អគ្គិភ័យមួយ បានកើតឡើងនៅចំណុចក្រុមទី១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ខែកក្កដានេះ បណ្តាលឲ្យលំនៅឋានប្រជាពលរដ្ឋ១០ខ្នង ត្រូវបានបំផ្លាញអស់ទាំងស្រុង។
យោងតាមប្រភពពីលោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងថា កាលពីយប់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដានេះ មានអគ្គិភ័យកើតឡើងនៅក្រុមទី១ ភូមិទួលរកា អស់ចំនួន១០ខ្នងស្មើនឹង១៦ គ្រួសារ។
លោកចៅសង្កាត់បន្តថា មុនពេលកើតហេតុគេបានឮស្នូរផ្ទុះ រួចបង្កឲ្យមានអគ្គិភ័យតែម្តង។ ផ្ទះដែលរងការឆេះគឺមានទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រសង់ពីថ្មក្រោមឈើលើ។ ក្នុងពេលកើតហេតុមានរថយន្តអគ្គិភ័យចំនួន២២គ្រឿង ដោយបាញ់អស់ទឹក១៩រថយន្ត ទើបរលត់ទៅវិញ ហើយមិនបណ្តាលឲ្យមានអ្នករបួសនិងស្លាប់ឡើយ។
ទាក់ទិននឹងហេតុការណ៍គ្រោះអគ្គិភ័យនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២ខែកក្កដានេះលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដែលលោកបានអញ្ជើញចុះទៅដល់ចំណុចឆេះភ្លាមៗ បានមានប្រសាសន៍ថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យកើតឡើងនេះគឺសមត្ថកិច្ចនិងអាជ្ញាធរកំពុងធ្វើការស្រាវ ព្រោះមុនពេលកើតសាក្សីបាននិយាយថា មានឮស្នូរសំឡេងផ្ទុះ។ ទោះជាយ៉ាងណា មកទល់ពេលនេះ លោកអភិបាលកំពុងចាត់ចែងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ទៅផ្តល់ជូនបងប្អូន ដែលកំពុងជួបគ្រោះអគ្គិភ័យចំនួន១០ខ្នងផ្ទះស្មើនឹង១៦គ្រួសារដើម្បីដោះស្រាយជីវភាពបានមួយរយៈ៕
Source: Kampuchea Thmey Daily
0 Comments