ភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពាន អាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ មានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ក្នុងនោះតួស្ពាន មានប្រវែង ៦១០ ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានសងខាង ប្រវែងសរុប ៣៣២ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។
លោករដ្ឋមន្ត្រីបន្តថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ១៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ពន្ធ និងអាករផ្សេងៗ។ ស្ពាននេះ បានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ គឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលគម្រោងទាំងមូលមានប្រវែងសរុប ១៦.៦៧៩ម៉ែត្រ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្សីនៅត្រង់ភ្លើងស្តុបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីឌ (Northbridge) ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់៧មករា មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែក ហូរ(ផ្នែកខាងជើង) ស្ថិតនៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ ១១៥ និងស្ពានតាខ្មៅ (ខេត្តកណ្តាល)។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្ពានអាកាសដ៏ថ្មីស្រឡាងនេះ នឹងរួមចំណែកជួយបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ជាពិសេសជួយសម្រួលដល់អ្នកដំណើរទៅ-មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យបានកាន់តែងាយស្រួល ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments