បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ដែលមានមុខងារជាអនុប្រធានភូមិ បានដាច់ចិត្តធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួននៅក្នុងដីចំការមួយកន្លែង ដោយសារតែគិតអ្វីលែងចេញព្រោះតែខ្លួនជាប់បំណុលធនាគារច្រើនពេក។
ការប្រទះឃើញសពនេះ គឺនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុច ដីបារាំង ក្នុងភូមិ ព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែមានមនុស្សវ័យចំណាស់ម្នាក់ បានចង កសម្លាប់ខ្លួននៅនឹងមែកឈើ លើដីចំការនោះ បណ្តាលអោយសពមានសភាពយ៉ាប់យ៉ឺនទៅហើយ។
ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យរួចមក គឺបានបង្ហាញថា ជនរងគ្រោះឈ្មោះ មាស អៀង ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ ជាអនុប្រធានភូមិព្រៃធំ និងមានទីលំនៅ ក្បែរចំណុចកើតហេតុខាងលើ ហើយគេបានជិះម៉ូតូយកទៅទុកចោលនៅក្បែរទីតាំងកើតហេតុដើម្បីធ្វើអត្តឃាត។
បើតាមការលួចបង្ហើបពីក្រុមគ្រួសារ និងសាច់ញាតិបានអោយដឹងថា ការធ្វើអត្តឃាតនេះដោយសារតែលោកអនុប្រធានភូមិ ពិបាកចិត្តរឿងជំពាក់លុយធានាគារច្រើនពេក ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៦ម៉ឺន ដុល្លារ អាមេរិក ដូច្នេះហើយទើបធ្វើអោយគេគិតអ្វីលែងចេញ ប៉ុន្តែចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមិនមានប្រភពណាមួយបញ្ចេញអោយដឹងថា តើគេយកទៅធ្វើអ្វីនោះឡើយ។ ដោយបច្ចុប្បន្នសពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments