អតីតតារាបាល់បោះអាមេរិក Dennis Rodman បាននិយាយថា គាត់នឹងជិះយន្តហោះទៅកាន់ប្រទេសសិង្ហបុរីដើម្បីជួយ “មិត្តភក្តិ” របស់គាត់គឺលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងជំនួបកំពូលសន្តិភាពជាប្រវត្តិសាស្ត្ររបស់ពួកគេនៅថ្ងៃអង្គារ។
ការបង្ហោះ Twitter របស់គាត់បានកើតឡើង បន្ទាប់ពីសេតវិមានកាលពីថ្ងៃព្រហស្បតិ៍បានបដិសេធនូវតួនាទីណាមួយសម្រាប់កីឡាករល្បីឈ្មោះចូលនិវត្តន៍រូបនេះនៅក្នុងកិច្ចពិភាក្សាយ៉ាងក្តៅគគុកជាមួយមេដឹកនាំកូរ៉េខាងជើងដែលត្រូវជាមិត្តភក្តិរបស់លោក Rodman ។
លោក Rodman បានធ្វើដំណើរចំនួនប្រាំលើកទៅកាន់ទីក្រុងព្យុងយ៉ាងចាប់តាំងពីលោកគីមបានឡើងកាន់អំណាច ហើយធ្លាប់បានហៅគាត់ថាជា “មិត្តមួយជីវិត”។
អតីតខ្សែប្រយុទ្ធរបស់ក្រុម Chicago Bulls រូបនេះបានបង្ហោះ Twitter ថា “សូមអរគុណដល់អ្នកឧបត្ថម្ភដ៏ស្មោះត្រង់របស់ខ្ញុំ។ ខ្ញុំនឹងជិះយន្តហោះទៅប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រ។ ខ្ញុំនឹងផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងដែលចាំបាច់ដល់មិត្តភក្តិរបស់ខ្ញុំ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន”។
សារនេះក៏រួមបញ្ចូលទាំងរូបថតនៃលោក Rodman ឈរនៅចន្លោះលោក គីម និងលោក ត្រាំ ជាមួយនឹងការលើកមេដៃផងដែរ។ ទង់ជាតិអាមេរិកនិងកូរ៉េខាងជើងបានលេចឡើងនៅផ្ទៃខាងក្រោយហើយអ្នកទាំងបីបានឈរនៅពីលើពាក្យ “រួបរួម” ជាអក្សរធំ។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានធ្លាប់បានច្រានចោលការលើកឡើងនានាដែលថា ម្ចាស់ជើងឯក NBA ប្រាំជំនាន់រូបនេះនឹងមានវត្តមានសម្រាប់កិច្ចប្រជុំនោះ។
ខណៈពេលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ, លោក ត្រាំ បានបញ្ជាក់ថា លោក Rodman នឹងមិនចូលរួមកិច្ចប្រជុំកំពូលនោះទេ ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំចូលចិត្តគាត់ហើយគាត់ជាមនុស្សល្អប៉ុន្តែគាត់មិនត្រូវបានអញ្ជើញទេ”។
គួរបញ្ជាក់ថា លោក Rodman បានធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងជើងជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ជាមួយសមាជិកនៃក្រុមបាល់បោះ Harlem Globetrotters ហើយក្នុងឆ្នាំ២០១៤បានដាក់បញ្ចូលគ្នានៃក្រុមកីឡាករបាល់បោះជាមួយកូរ៉េខាងជើងសម្រាប់ការប្រកួតមិត្តភាពមួយដើម្បីអបអរថ្ងៃខួបកំណើតរបស់លោកគីម។
ការធ្វើដំណើរចុងក្រោយរបស់គាត់គឺក្នុងខែមិថុនាឆ្នាំ២០១៧នៅពេលដែលគាត់បានផ្តល់ឲ្យលោកគីមនូវសៀវភៅលក់ដាច់បំផុតរបស់លោកត្រាំដែលមានចំណងជើងថា “The Art of the Deal”៕ AFP
Source: Kampuchea Thmey Daily
0 Comments