កាលពីថ្ងៃសុក្រ មហាសន្និបាតអង្គការសហប្រជាជាតិ បានជ្រើសរើសប្រទេសប៊ែលហ្សិក សាធារណរដ្ឋដូមីនិក អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និងអាហ្វ្រិកខាងត្បូងដើម្បីបម្រើជាសមាជិកមិនអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខសម្រាប់រយៈពេលពីរឆ្នាំគិតចាប់ពីខែមករាទៅ។
សមាជិកនៃអង្គការសហប្រជាជាតិចំនួន១៩៣បានបោះឆ្នោត។ ប្រទេសអាល្លឺម៉ង់និងសាធារណរដ្ឋដូមីនិកទទួលបាន១៨៤សំឡេង។ អាហ្វ្រិកខាងត្បូងទទួលបាន១៨៣សំឡេង, ប៊ែលហ្សិក១៨១សំឡេងនិង១៤៤សំឡេងបានទៅប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយថា ប្រទេសរបស់លោកចង់ក្លាយទៅជា “សំឡេងដ៏ខ្លាំងក្លាមួយសម្រាប់សន្តិភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខ”។
មានសមាជិកចំនួន១៥ប្រទេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN រួមទាំងសមាជិកអចិន្ត្រៃយ៍ចំនួន៥ផងដែរគឺចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិកព្រមទាំងសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ដែលក្នុងនោះមានពាក់កណ្តាលត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ឆ្នាំ។
ប្រទេសជាបេក្ខភាពនីមួយៗចាំបាច់ត្រូវទទួលបានសំឡេងពីរភាគបីដើម្បីទទួលបានកៅអី។
សាធារណរដ្ឋដូមីនិកនឹងចាប់ផ្តើមវេនទីមួយរបស់ខ្លួនទៅលើក្រុមប្រឹក្សាសន្តិសុខខណៈពេលដែលប្រទេសដទៃទៀតដែលបានជ្រើសរើសបានបំរើការពីមុនមក។
ប្រទេសប៊ែលហ្សិកនិងអាល្លឺម៉ង់ទទួលបានកៅអីចំនួនពីរសម្រាប់ក្រុមអឺរ៉ុបខាងលិចនិងក្រុមផ្សេងៗទៀតបន្ទាប់ពីអ៊ីស្រាអែលបានបោះបង់ចោលការប្រកួតប្រជែង។
ប្រទេសម៉ាល់ឌីវដែលទទួលបានត្រឹមតែ៤៦សំឡេងគឺបានចាញ់ប្រទេសឥណ្ឌូនេស៊ីសម្រាប់កៅអីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សហភាពអាហ្វ្រិកមានកត្តិយសដែលប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានជាប់ឆ្នោតខណៈដែលសាធារណរដ្ឋដូមីនិកបានកាន់កាប់តំបន់អាមេរិកឡាទីន។
គួរបញ្ជាក់ថា សមាជិកថ្មីទាំង៥ប្រទេសនេះនឹងត្រូវជំនួសប្រទេសបូលីវី អេត្យូពី កាហ្សាក់ស្ថាន ហូឡង់និងស៊ុយអ៊ែត៕ AFP
Source: Kampuchea Thmey Daily
0 Comments