Ad Code

លោក​លី សា​ម៉េ​ត និង លោក​ឧកញ៉ា​ឌី ប៉ូ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស​ចំនួន​១៥៧៧​គ្រួសារ​



កំពង់ចាម​ ៖ លោក​លី សា​ម៉េ​ត សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ឧកញ៉ា​ឌី ប៉ូ ព្រមទាំង​ក្រុមការងារ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស​ចំនួន​១៥៧៧​គ្រួសារ នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១​កក្កដា ​ឆ្នាំ​២០១៨ ហើយ​បាន​នាំ​យក​អំណោយ​មួយចំនួន​ចែកជូន​ផងដែរ។​

លោក​លី សា​ម៉េ​ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សូម​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា ​ឆ្នាំ​២០១៨​ខាងមុខនេះ ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​បាន​ជួយ​រំដោះ​អាយុជីវិត​ប្រជាជន និង​ជាតិ​មាតុភូមិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត។

លោក​បន្តថា ​អ្វីដែល​ពិសេស​ទៀត​នោះ​គឺ​មេដឹកនាំ​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ ,​រក្សាបាន​នូវ​សុខសន្តិភាព និង អភិវឌ្ឍន៍​ប្រទេស​មានការ​រីកចម្រើន​ឥតឈប់ឈរ។

លោក​ថ្លែង​យ៉ាងច្បាស់​ថា ​«​មាន​តេ​ជោ​សែន​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​និង​បន្ត​អភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​នៅ​ទូទាំងប្រទេស​»​។​

លោក​លី សា​ម៉េ​ត ថ្លែងបន្តថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​បាន​មកជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមជីកង ហើយ​លោក​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ដ៏​ល្អ គោរព​ច្បាប់ គោរព​ព្រះពុទ្ធសាសនា គឺ​ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ដែល​រកបាន​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​។ សម្តេច​តេ​ជោ​គឺជា​ឥស្សរជន​ជាន់ខ្ពស់​និង​ឥស្សរជន​ដទៃទៀត​រួមមាន​សម្តេច​ហេង សំរិន​,​សម្តេច​ជា ស៊ីម និង​ឥស្សរជន​ដទៃទៀត​បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​វាលពិឃាត​នា​ថ្ងៃ​៧​មករា​១៩៧៩ ទើប​យើង​មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃ​។​

ទន្ទឹម​នឹង​នេះដែរ​លោក​ឧកញ៉ា​ឌី ប៉ូ ក៏បាន​មានប្រសាសន៍ រំលឹក​ឡើងវិញ​អំពី​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​ប្រជាជន​រស់នៅក្នុង​របប​ប៉ុល ពត ដែល​ពួកវា​បាន​កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ជាង​៣​លាន​នាក់​ដោយ​មិន​រើសមុខ បង្អត់បាយ ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​សាហាវព្រៃផ្សៃ​។ ប៉ុន្តែ​ដោយសារតែ​មានគុណ​ដ៏​ធំធេង​មិនអាច​បំភ្លេច​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​រំដោះប្រជាជន​ចេញពី​របប​ប៉ុល ពត នៅ​ថ្ងៃ​៧​មករា​១៩៧៩ ហើយ​ខំ​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ​រហូត​អភិវឌ្ឍន៍​មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ​ពោរពេញ​ដោយ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កម្ពុជា​កុំ​បំភ្លេច​ថ្ងៃកំណើត​ទី​២​របស់ខ្លួន​គឺ​ថ្ងៃ​៧​មករា​នេះ​ដែល​ចារ​ជា​ប្រវត្តិសាស្ត្រ​។​

លោក​ក៏បាន​អំពាវនាវ​ផងដែរ សូម​បងប្អូន​ប្រជាជន​ទាំងអស់​ទៅ​បោះឆ្នោត​នា​នៅ​ថ្ងៃទី​២៩​កក្កដា​ខាងមុខនេះ​ដើម្បី​គាំទ្រ​សម្តេច​តេ​ជា​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​នេះ​និង​អាណត្តិ​ក្រោយៗ​ជា​បន្តទៀត ដើម្បីឱ្យ​លោក​បាន​រក្សាសុខ​សន្តិភាព​និង​អភិវឌ្ឍន៍​ឱ្យមាន​ការរីកចម្រើន​ឥតឈប់ឈរ ។​

លោក​មឿ​ន ផា ប្រធាន​គណបក្ស​ប្រជាជន​ស្រុក​កងមាស​បានឱ្យដឹងថា ស្រុក​កងមាស ជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ទាំង​១០ ក្នុង​ខេត្តកំពង់ចាម មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ភាគ​ខាងលិច​ខេត្តកំពង់ចាម​។ ​ស្រុក​កងមាស មាន​១១​ឃុំ​និង​៩៣​ភូមិ មាន​ផ្ទៃដី​ទំហំ​៣៨០៩,៨០​គីឡូម៉ែត្រ​ការេ មាន​ប្រជាពលរដ្ឋ​ចំនួន​៥៤៧៨៥​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​១០៨.៧៥៤​នាក់ ដង់ស៊ីតេ​ប្រជាជនមាន​២៨១​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ការេ​។​

លោក​បន្តថា ស្រុក​កងមាស​ត្រូវបាន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​ថ្មីៗ​បានទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ដូចជា ប្រព័ន្ធ​ធារាសាស្ត្រ ទំនប់ ប្រឡាយ ស្រោចស្រព​តូចធំ បណ្តាញ​អគ្គិសនី ផ្លូវ​ក្រាល​គ្រួស​ក្រហម ពិសេស​ស្រុក​បានទទួល​ផ្លូវ​ក្រាល​កៅស៊ូ​មាន​ផ្លូវ​លេខ​ជាតិ​លេខ​៧០​ប្រវែង​១៣​គីឡូម៉ែត្រ​និង​ផ្លូវ​ខេត្ត​លេខ​២៧០​ប្រវែង​១៧​គីឡូម៉ែត្រ​,​ស្ថាបនា​ស្ពាន​ភូមិ​ថ្មី​,​ស្ពាន​ពាមជីកង​,​ស្ពាន​ពាម​ក្នុង​,​ស្ពាន​អូរ​កណ្តោល​,​ស្ពាន​រកា​គយ​,​ស្ពាន​ព្រែក​លីវ​,​ស្ពាន​ព្រែក​តូច​,​ស្ពាន​ព្រែក​ប៉ា​រាយ​,​ស្ពាន​អូរ​ស្វាយ​,​ស្ពាន​គោហ៊េ​,​ស្ពាន​កង​ជ័យ​និង​ស្ពាន​ថ្នាល​ដាច់។

លោក​បន្តទៀតថា ឆ្នាំ​២០១៧​កន្លងទៅ សម្តេច​តេ​ជោ​ហ៊ុន សែន​បានឱ្យ​កាដូ​នូវ​ផ្លូវ​ចំនួន​២​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ស្រុក​កងមាស គឺ​ខ្សែ​ទី​១​ផ្លូវ​បេតុង​ប្រវែង​៥​គីឡូម៉ែត្រ(​ទទឹង​៥​ម៉ែត្រ​)​ស្ពានបេតុង​មួយ​ប្រវែង​៣៦​ម៉ែត្រ​នៅ​ឃុំ​ព្រែក​ក្របៅ​និង​ខ្សែ​ទី​២ ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១៧​គីឡូម៉ែត្រ​(​ទទឹង​៦​ម៉ែត្រ​)​នៅ​ឃុំ​រាយប៉ាយ​និង​ឃុំ​ព្រែកកុយ មាន​ស្ពាន​ឆ្លង​ព្រែក​ស្ទឹង​ឆ្វេង​មួយ ។​

នៅថ្ងៃនេះ​ដែរ​លោក​លី សា​ម៉េ​ត និង លោក​ឧកញ៉ា​ឌី ប៉ូ បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ចែករំលែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​១៥៧៧​គ្រួសារ​រួមមាន សារុង​១ អាវ​.​មួក​និង​ថវិកា​២​ម៉ឺន​រៀល សរុប​៧៥​លាន​៦​សែន​រៀល​។ ​ឧបត្ថម្ភ​ជូន​គណបក្ស​ឃុំ​ពាមជីកង​១​លាន​រៀល​,​គណបក្ស​ស្រុក​កងមាស​២​លាន​រៀល​,​គណបក្ស​ឃុំ​គរ ស្រុក​ព្រៃឈរ​១​លាន​រៀល​និង​កងកម្លាំងប្រដាប់អាវុធ​១​លាន​រៀល​,​សរុប ៧​លាន​រៀល​។ ដោះស្រាយ​សំណើ​រួមមាន គណបក្ស​ស្រុក​កងមាស​អាវ​-​មួក​ចំនួន​៥០០,​គណបក្ស​ឃុំ​ពាមជីកង អាវ​-​មួក​ចំនួន​១០០០,​សាខា​ភូមិ​ដំណាក់​ជ្រៃ​អាវ​មួក​ចំនួន​៥០០,​គណបក្ស​ស្រុក​ព្រៃឈរ​អាវ​មួក​ចំនួន​៥០០​និង​គណបក្ស​ឃុំ​គរ ស្រុក​ព្រៃឈរ​ចំនួន​៥០០ សរុប​អស់​២៤​លាន​រៀល។ សរុប​រួម​អស់​១០៦​លាន​៦០០​ពាន់​រៀល​ស្មើនឹង​២៦,៦៥០​ដុល្លារ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu