បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានចុះមកត្រួតពិនិត្យបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មមិច១ខ្សែ ដែលមានប្រវែង ៣.២៥០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អមដំណើរជាមួយក្រុមការងារជាច្រើននាក់ទៀត។
ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវនេះ លោកសួន បវរ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផ្លូវ១ខ្សែនេះវាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់ស្វាយ ធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ីប្រចាំថ្ងៃ តែដោយសារផ្លូវនេះវាពិបាកធ្វើដំណើរខ្លាំងពេក អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ទើបលោកសួន បវរ ផ្តើមជួសជុលនិងចាក់ក្រួសថ្មមិចឲ្យល្អឡើងវិញសម្រាប់សម្រួលដល់ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ស្វាយទៅមកឲ្យបានស្រួលឡើងវិញ។
លោកសួន បវរ បានមានប្រសាសន៍បញ្ជាក់ទៀតថា កន្លងមក ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ស្វាយជួបការលំបាកជាងគេ គឺផ្លូវធ្វើដំណើរ ពេលទៅណាមក ពិបាកខ្លាំងទាំងការដឹកកសិផលយកទៅលក់នៅទីផ្សារ និងនៅពេលប្រជាពលរដ្ឋជួបបញ្ហាដូចជាមានជំងឺ ឬ ស្ត្រីឈឺពោះឆ្លងទន្លេដឹកទៅពេទ្យពិបាកធ្វើដំណើរយ៉ាងខ្លាំង ទើបលោកបើកការដ្ឋានជួសជុលផ្លូវ១ខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមកឲ្យបានស្រួលឡើងវិញ។
លោកសួន បរ បានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែខាងលើដោយមានការសំណូមពរខ្លាំងពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់ស្វាយ ទើបថ្ងៃនេះចាប់ផ្តើមដំណើរការជួសជុលដើម្បីសម្រួលដល់ការលំបាក របស់ពលរដ្ឋក្នុងសង្កាត់នេះក្នុងនោះ។
លោក សួន បវរ បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់ស្វាយទាំងអស់ ក្រោយពេលដែលផ្លូវធ្វើរួចល្អហើយត្រូវរួមគ្នាជួយថែរក្សាឲ្យបានល្អ និង យូរអង្វែងព្រោះផ្លូវ១ខ្សែៗចំណាយថវិកាអស់ច្រើនណាស់៕
Source: Kampuchea Thmey Daily
0 Comments