Ad Code

លោក ជា​ពិសី ៖ មន្ត្រី​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ពង្រឹង​ការពារ​សន្តិសុខ ជូន​ពលរដ្ឋ អំឡុងពេល​ឃោសនា និង​បោះឆ្នោត



ភ្នំពេញ ​៖ ថ្លែង​ទៅកាន់​មន្ត្រី​ក្រោម​ឱវាទ​កាលពី​ថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​ពង្រឹង​សន្តិសុខ​នៅក្នុង​សាលាខណ្ឌ​ឫស្សីកែវ ​ខណៈ​ពេល​ការឃោសនាបោះឆ្នោត​ខាងមុខ​ជិត​ចូល​មកដល់​លោក ជា ពិសី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ​បាន​មានប្រសាសន៍ថា ​មន្ត្រី​ទាំងអស់​ដាច់ខាត ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន រហូតដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ អំឡុង​ពេល​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៦ នៃ​រដ្ឋសភា របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។



លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ ​ដើម្បី​សហការ​ទប់ស្កាត់ ក្ដាប់​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ដើម្បី​ត្រៀមលក្ខណៈ​ការពារ​រក្សា​សន្តិសុខ និង​សុវត្ថិភាព​សណ្ដាប់ធ្នាប់ ជូន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​។

​នា​ឱកាស​នោះ លោក ជា ពិសី បាន​ជំរុញ​ដល់​កងកម្លាំង​ទាំង​ប៉ូលិស អាវុធហត្ថ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​យ៉ាងណា​ទប់ស្កាត់ ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រឹងមាំ។



​លោក​អភិបាលខណ្ឌ​ឫស្សី​កែវ បាន​ជំរុញ​បន្ថែម​ថា ដើម្បី​ការពារ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ ចំពោះ​មន្ត្រី​ដាច់ខាត ត្រូវ​ខិតខំ​អនុវត្ត​​​ការងារ​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ទៅតាម​តួនាទី​ភារកិច្ច ជុំនាញ​រៀងៗ​ខ្លួន សំដៅ​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ ដែលជា​កម្លាំង​ស្នូល​ក្នុង​កិច្ចការ​ការពារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ សុ​វត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងពេល​បោះឆ្នោត​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦ នៃ​រដ្ឋសភា ដែល​និង​ចាប់ផ្ដើម​ប្រព្រឹត្តឡើង​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ឲ្យ​ទទួលបាន​ជោគជ័យ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu