Ad Code

យុវជន​កម្ពុជា​១៥៧​សាខា​ខេត្តបន្ទាយមានជ័យ​ ចូលរួម​ដាំ​កូនឈើ​ថ្ងៃ​រុក្ខទិវា​៩ កក្កដា​១០០០​ដើម



បន្ទាយមានជ័យ​ ៖​ ក្រុមការងារ​សមាគម​ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក ផូ​រ ស៊ី​តា​ល់ បាន​នាំ​យក​កូនឈើ​ចំនួន ១០០០​ដើម ចូលរួម​ដាំ​នៅ​ថ្ងៃបុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ខេត្តបន្ទាយមានជ័យ។



ពិធី​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​ក្នុង បរិវេណ​ទីបញ្ជាការ​រថក្រោះ ស្ថិត​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោម​ការចូលរួម​ពី​សំណាក់​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក សួន សុធី សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កែវ សេង​ឡាយ មេបញ្ជាការ​រថក្រោះ​ប្រចាំ​ទិស​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​ស្ថា​ប័ន ប្រជាពលរដ្ឋ​សិស្សានុសិស្ស សរុប​ជាង​៥០០​នាក់។



លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​រុក្ខទិវា​ឆ្នាំ​២០១៨​នេះ បានធ្វើ​លើ​ផ្ទៃដី​២​ហិកតា ហើយ​កូនឈើ​ត្រូវ​ដាំ​ក្នុង​មាន​ចំនួន​១.២០០​ដើម ជា​ប្រភេទ កូនឈើ​គ្រញូង និង​បេង ដែល​ប្រភេទ​ឈើប្រណិត កំពុង​ប្រឈម​នឹង​កាត​បាត់បង់​ខ្ពស់។ ​​ក្រៅពីនោះ​មាន​កូនឈើ​ដើម​ប្រេងខ្យល់ និង​កូនឈើ​ហូប​ផ្លែ ចំនួន​៤០០០​ដើម ដោយ​ក្នុងនោះ មាន​១០០០​ដើម​ជាការ ឧបត្ថម្ភ​ពី ក្រុមការងារ​សមាគម​ចលនា​យុវជន​កម្ពុជា​១៥៧ សាខា​ខេត្តបន្ទាយមានជ័យ និង​១០០០​ដើម​ទៀត ជាការ​ឧបត្ថម្ភ​ពី ក្រុមហ៊ុន​PAPERTREE(CAMBODIA)Co.ltd ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យកទៅ​ដាំ​ដុះ​តាម​ផ្ទះ​។



លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា បុណ្យ​រុក្ខទិវា គឺជា​ទិវា​បុណ្យជាតិ ដែល​បង្កើត​ឡើង​ដោយ​ស្នាម​គ្រហស្ថ របស់​ព្រះ​បរម​រត​កោដិ សម្តេចព្រះ​នរោត្តម សីហនុ នា​សម័យ​សង្គមរាស្ត្រនិយម និង​កំណត់​ដោយ​ព្រះរាជក្រឹត្យ​លេខ ៧៣៨ នស ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២ ហើយ​ពិធីបុណ្យ​រុក្ខទិវា ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ នៅ​គ្រប់ រាជធានី​ខេត្ត​ទូទាំងប្រទេស។ ក្នុងនោះ​ផងដែរ លោក​ក៏បាន​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ជាពិសេស​ត្រូវ​ចូលរួម​អភិរក្ស​ព្រៃឈើ ដើម្បី ការពារ​ខ្យល់​កន្ត្រាក់ ខ្យល់ព្យុះ និង​គ្រោះធម្មជាតិ​នានា ជាច្រើន ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu