កំពង់ធំ ៖ លោក ញែម ថាវី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានដឹកនាំ អតីតសិស្សអនុវិទ្យាល័យបារាយមួយចំនួនយកសម្ភារៈទៅប្រគល់ជូនលោកគ្រូអ្នកគ្រូនៅសាលាខ្មែរអង់គ្លេសសហគមន៍ជីនិត បន្ទាប់ពីប្រគល់អំណោយក៏មានពិសាអាហារសាមគ្គីជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សអាណាព្យាបាលសិស្សក្នុងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង។
ការប្រគល់សម្ភារៈនិងពិសាអាហារសាមគ្គីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នៅសាលាខ្មែរ អង់គ្លេស សហគមន៍ជីនិត ដែលមានទីតាំងនៅភូមិបឹង សំរិត ឃុំបាល័ង្គ ស្រុកបារាយ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ញែម ថាវី អ្នកតំណាងរាស្ត្រខេត្តកំពង់ធំ និងអតីតសិស្សអនុវិទ្យាល័យបារាយ ព្រមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សអាណាព្យាបាលសិស្សមួយចំនួន។
បើតាមលោកប៉េង ឃាង ជាអតីតសិស្សអនុវិទ្យាល័យបារាយបានឲ្យកម្ពុជាថ្មីដឹងថា នេះជាលើកទី៥ហើយដែលអតីតសិស្សអនុវិទ្យាល័យបារាយបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសិស្សជំនាន់ក្រោយក្នុងសាលាសហគមន៍ជីនិត ឲ្យគ្នាមានកម្លាំងចិត្តរៀនសូត្រដើម្បីជាទំពាំងស្នងឫស្សីទៅថ្ងៃក្រោយ ទើបពួកគាត់បបួលគ្នាយកអំណោយ និង សម្ភារៈមកជូនសាលាសហគមន៍មួយនេះ។
លោក ប៉េងឃាង បានបន្តថា សាលាខ្មែរអង់គ្លេសសហគមន៍ជីនិតនេះ បានកសាងឡើងក្នុងឆ្នាំ២០១៧ ហើយចាប់ដំណើរការឲ្យសិស្សចូលរៀនរហូតមកដល់បច្ចុប្បន្ន ដែលមានមួយខ្នង៣២បន្ទប់សម្រាប់សិស្សចូលរៀន២៤បន្ទប់រួមនឹងការិយាល័យបណ្ណាគារទីចាត់ការផងដែរ។
លោកញែម ថាវី អ្នកតំណាងរាស្ត្រកំពង់ធំ ដែលជាអ្នកផ្តួចផ្តើម និង ចំណាយថវិកាផ្ទាល់ខ្លួនកសាងសាលាសហគមន៍នេះ ឡើងក្នុងគោលបំណងតបស្នងសងគុណដល់អ្នកដ៏មានគុណរបស់លោក គឺលោក ឌិត តាល់ និងលោកស្រី ឥ្យ បុប្ផាអតីតអ្នកតំណាងរាស្ត្រមណ្ឌលឈូកខេត្តកំពត ដែលបានថែរក្សាបីបាច់ចិញ្ចឹមលោកតាំងពីតូចរហូតមានថ្ងៃនេះ ម៉្យាងទៀតគឺដើម្បីសិស្សានុសិស្សបានរៀនសូត្របណ្តុះបណ្តាលចំណេះដឹងទុកជាទុនសម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
លោកបន្តថា សាលាខ្មែរអង់គ្លេស សហគមន៍ជីនិតនេះ គឺចាប់ទទួលសិស្សចាប់ពីថ្នាក់ទី៤ឡើងទៅ ទើបចូលរៀនបាន ហើយចាប់ពីថ្ងៃសម្ពោធឲ្យដំណើរការរហូតមកដល់ពេលនេះ មានសិស្សចូលរៀនបាន៣បន្ទប់មានចំនួនសិស្សសរុប៦៧នាក់។
លោកក៏បានអំពាវនាវឲ្យអតីតសិស្សនៅសាលាផ្សេងៗក៏ដូចជាសប្បុរសជននានា ដែលមានធនធានសូមជួយឧបត្ថម្ភគាំទ្រជាថវិកាក៏ដូចជាសម្ភារៈដល់សាលានេះបន្តទៀតផង។
អំណោយរបស់អតីតសិស្សអនុវិទ្យាល័យ ដែលប្រគល់ជូនសាលានាឱកាសនោះមាន ទូរទស្សន៍ចំនួន៣គ្រឿង អំពូល សឡា ចំនួន៤ ចំណែកលោកប៉េង ឃាង បានប្រគល់បង់ សម្រាប់អង្គុយលេងចំនួន៤កំប្លេ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments