Ad Code

គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​បង្កើន​កិច្ចប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ក្នុង​មូលដ្ឋាន​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ



ភ្នំ​ពេ​ញ ៖ ជា​រៀងរាល់​យប់​ គេ​សង្កេតឃើញ​កម្លាំង​របស់ ​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ក្នុង​មូល​ដ្ឋាន​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​ដែល​មាន​លំនៅឋាន​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រសាសន៍​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​និង​ជា​ប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​មានប្រសាសន៍ថា ​ចំពោះ​ការងារ​សន្តិសុខ​នេះ​គឺ​ចាំបាច់​បំផុត​ដែល​អាជ្ញាធរ​ត្រូវ​មាន​ភារកិច្ច​ចំពោះមុខ​ក្នុង​បំណង​តែមួយ​ដើម្បី​រក្សា​បាន​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ពួកគាត់​ភ័យ​ខ្លាច​នូវ​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​។



លោក​ប្រធាន​គ​ណៈ​បញ្ជាការ​ឯកភាព​បា​នប​ន្ត​ថា​ កាលដែល​កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​របស់​យើង​ដាក់​ការ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​ក្នុង​មូលដ្ឋាន​ជា​រៀងរាល់​យប់​ គឺ​ឃើញថា​ បាន​ទប់ស្កាត់​រាល់​បទល្មើស​បាន​ច្រើន​ដូចជា​អ្នកប្រើប្រាស់​អាវុធជាតិផ្ទុះ​គ្មាន​លិខិតស្នាម ជន​ចែកចាយ​ថ្នាំញៀន មុខសញ្ញា​ចោរកម្ម​និង​សំខាន់​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដែល​គ្នា​មិន​ដឹងអី​សោះ​។



ក្រៅពី​ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​គឺ​នៅមាន​កម្លាំង​ផ្សេងៗ​ទៀត​ចុះ​ល្បាត​ការពារ​តាម​ច្រក​តូចៗ​តាម​បណ្តា​សង្កាត់​ទាំង​៨​ក្នុង​ខណ្ឌ​ច្បារអំពៅ​ទើប​អាច​ទប់ស្កាត់​បទល្មើស​បាន​មុន​ពេលដែល​មុខសញ្ញា​ចេញ​ធ្វើ​សកម្មភាព​គឺ​វា​ខកខាន​ព្រោះ​ឃើញ​សមត្ថកិច្ច​ចម្រុះ​នៅ​គ្រប់​ច្រកល្ហក។

លោក​ចេង មុនី​រ៉ា បានធ្វើ​ការណែនាំ​ដល់​លោក លោកស្រី​ចៅសង្កាត់​និង​នាយ​នគរបាល​ប៉ុស្តិ៍​ទាំងអស់​ត្រូវដាក់​កម្លាំង​ប្រចាំការ​នៅ​ទីស្នាក់ការ​គ្រប់ពេល​មិន​ថា​យប់ ឬ ថ្ងៃ​ ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដើម្បី​ចុះទៅ​អន្តរាគមន៍​ជួយ​គាត់​ភ្លាមៗ​ឲ្យ​គាត់​មាន​ទំនុកចិត្ត​មក​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​យើង​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu