សៀមរាប ៖ ជួងស្នែងក្របី ដែលជារបស់មានតម្លៃ នាំយកពីប្រទេសភូមា ដោយព្រះសង្ឃជនជាតិអូស្ត្រាលី មករក្សាទុកសម្រាប់ប្រើប្រាស់ក្នុងវត្តព្រះឥន្ទកោសា ត្រូវជនមិនស្គាល់មុខចូលលួចយកទៅបាត់។ ករណីនេះប៉ូលិសប្រាប់ថា កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់ខ្លួនមកផ្តន្ទាទោស។
ព្រះសង្ឃជនជាតិអូស្ត្រាលី ព្រះនាម ឆា លីគីម ព្រះជន៧៥ព្រះវស្សា បានថ្លែងថា ជួងស្នែងក្របី បាន រចនាឡើងដោយសារធាតុស្ពាន់ លាយជាមួយប្រាក់សុទ្ធ ពីប្រទេសភូមា ហើយនាំយកមករក្សាទុកក្នុងវត្តពះឥន្ទកោសានៃខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ព្រះអង្គ មានសង្ឃដីការបន្តថា ជួងស្នែង ក្របី ដែលជាវត្ថុមានតម្លៃនេះមានទំហំ០,៥ម៉ែត្រ កម្ពស់០,៣៥ម៉ែត្រទម្ងន់ ១៥គីឡូក្រាម ត្រូវគេចូលមកលួចកាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ ក្រោយពេលបាត់ លោកក្នុងវត្តបានទៅប្តឹងនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ស្វែងរកមកវិញ តែមកទល់ពេលនេះនៅមិនទាន់មានសញ្ញាណណាមួយដែលរំពឹងថាឃើញវិញនោះទេ។ វត្ថុនេះទោះមិនដឹងថា នៅស្រុកខ្មែរមានតម្លៃឬយ៉ាងណា តែនៅប្រទេសភូមាវិញ មានតម្លៃណាស់។ ព្រះអង្គបន្តថា ប្រសិនបើសមត្ថកិច្ចមិនអាចរកឃើញទេ រូបលោកនឹងព្យាយាមទៅកាន់ប្រទេសភូមា ស្វែងរកទិញមកប្រើប្រាស់ក្នុងវត្តនេះទៀត ទោះថ្លៃបន្តិចក៏ដោយ ប្រសិនបើនៅភូមាអាចរកទិញបាន។ តែលោកយល់ថា មិនអាចក្មេងលួចទៅលក់អេតចាសនោះទេ ខ្លាចក្រែងតែមានអ្នកចង់បាន ហើយជួលមនុស្សឲ្យចូលលួចទៅ វិញ ព្រោះរបស់នេះទុកនៅផ្នែកខាងលើនៃព្រះ វិហារវត្ត ដែលជាទីតាំងល្អមួយ។
ព្រះសង្ឃ ឆា លីគីម ឲ្យដឹងទៀតថា លោកនិមន្តមកគង់នៅវត្តព្រះឥន្ទកោសាហៅវត្តកណ្តាលនេះ ៨ព្រះវស្សា(៨ឆ្នាំ)មកហើយបំណងជួយផ្គត់ផ្គង់ព្រះសង្ឃ ដែលខ្វះខាតនិងក្មេងកំព្រាក្នុងការរៀនសូត្រ ហើយពេលនេះ បានជួយជាបណ្តើរៗខ្លះហើយ។ រូបលោកនឹងគង់នៅ ដើម្បីជួយជនទីទាល់ក្រ រហូតអស់ជីវិត នៅវត្តខាងលើនេះ ដោយមិនទៅប្រទេសខ្លួនវិញឡើយ។
យ៉ាងណាព្រះសង្ឃ ជនជាតិអូស្ត្រាលី នៅតែសម្តែងការសោកស្តាយ ជួងស្នែងក្របីដែលបានបាត់ទៅហើយនោះ និងសុំឲ្យសមត្ថកិច្ចជួយរកមកវិញ ព្រោះថាជារបស់កម្រ ហើយស្រុកខ្មែរមិនអាចមាន។
ក្នុងករណីនេះ ព្រះចៅអធិការវត្តព្រះឥន្ទកោសា ព្រះនាម តាត មហាទី ពុំអាចសុំការបកស្រាយបានទេ ដោយព្រះអង្គនិមន្តចេញទៅក្រៅប្រទេស តាំងពីមុនពេលបាត់របស់។
ចំណែកនាយនគរបាល ប៉ុស្តិ៍ស្លក្រាមលោកអនុសេនីយ៍ឯកស៊ ស៊ិនណារ៉ា បានថ្លែងថា ខាងលោកបានទទួលបណ្តឹង និងកំពុងស្រាវជ្រាវរកមុខសញ្ញា ហើយពេលនេះនៅមិនទាន់មានតម្រុយទេ។ តែអាចនិងគេចមិនរួចពីការប្រមាញ់របស់សមត្ថកិច្ចឡើយ៕
Source: Kampuchea Thmey Daily
0 Comments