Ad Code



MCL 2018 ៖ ​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល និង​បឹងកេត រក​បាន​៣​ពិន្ទុ​ដូចគ្នា​ប្រចាំ​សប្ដាហ៍​ទី​១២​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍
ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល និង​បឹងកេត សុទ្ធតែ​រកបាន​៣​ពិន្ទុ​ដូចគ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០​ ខែមិថុនា ឆ្នាំ​២០១៨ លើ​៣​ទីលាន​ផ្សេងគ្នា​ប្រចាំ​សប្ដាហ៍​ទី​១២ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Mefone Cambodian League 2018 (MCL 2018)​។

​ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ នៅ​តង់​ទី​១​ក្រុម​ទាំង​២​មិនអាច​រក​គ្រាប់​បាល់ប​ញ្ចូល​ទី​គ្នា​បាន​នោះ​ទេ រហូតដល់​នាទី​៦៧ ទើប​កីឡាករ​ចំណូល​ថ្មី​ជនជាតិ​ប្រេ​ស៊ី​ល Valci Júnior បា​នរក​គ្រាប់​បាល់​ឱ្យ​ភ្នំពេញ​ក្រោ​ន នាំមុខ ខណៈ​កីឡា​ករនី​ហ្សេ​រី​យ៉ា Dzarma Bata បា​នរក​គ្រាប់​បាល់​ឱ្យ​ម្ចាស់ផ្ទះ​តាម​ស្មើ​វិញ​នៅ​នាទី​៨១ ដោយ​ទាត់​បាល់​ពិន័យ​ប៉េ​ណាំង​ទី​បានសម្រេច និង​១​នាទី​បន្ទាប់ ​ភ្នំពេញ​ក្រោ​ន បា​នរក​គ្រាប់​បាល់​នាំមុខ​វិញ ក្រោយ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​កីឡាករ យើ ម៉ូ​ស្លី​ម​។

​ចំណែក​ក្រុម​កំពូល​តារាង​បឹងកេត វិញ​បន្ត​រកបាន​ជ័យជម្នះ​ក្រោយ​យកឈ្នះ​លើ​ក្រុម​អាស៊ី​អឺរ៉ុប ៤​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh និង​ខ្សែបម្រើ​ប្រេ​ស៊ី​ល Maycon Calijuri រកបាន​គ្រាប់​បាល់​២​គ្រាប់​ម្នាក់​ឱ្យ​ក្រុម​បឹងកេត ទទួលបាន​៣​ពិន្ទុ​លើក​នេះ​។

​សម្រាប់​ក្រុម​ណាហ្គា​វើ​ល វិញ​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា George Bisan និង​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​កូរ៉េខាងត្បូង Song Chi-hun រកបាន​គ្រាប់​បាល់​ម្នាក់​២​គ្រាប់​ឱ្យ​ណាហ្គា​វើ​ល បន្ត​ជ័យជម្នះ​ប្រដេញ​កំពូល​តារាង​ថែមទៀត​។​

​សម្រាប់​៣​ប្រកួត​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​១២ នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ជា​បន្ត ដោយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​វិសាខា វេលា​ម៉ោង​៣​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៣​រសៀល​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​តាម​ប៉ុស្តិ៍ BTV News និង​ក្រុម​ក្រសួងការពារជាតិ វិញ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ដូចគ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu