កីឡាករ ឃួន ឡាបូរ៉ាវី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា កំពុងប្រកបអាជីពក្នុងជើងទី២ នៃពានរង្វាន់លីគលំដាប់ទី៣ របស់ប្រទេសថៃ (T3-League) ឆ្នាំ២០១៨នេះ នៅមិនទាន់អាចជួយក្រុមថ្មី Surat Thani FC រកបានជ័យជម្នះនៅឡើយនោះទេ ក្រោយឆ្លងកាត់ការប្រកួត៤លើកមក។
ប្រកួតចុងក្រោយប្រចាំសប្ដាហ៍ទី១៧ នៃពានរង្វាន់ T3-Leagueក្រុម Sarat Thani បានចាញ់ក្រុមម្ចាស់ផ្ទះSimork ដោយលទ្ធផល ១ទល់០ លើទីលានកីឡដ្ឋាន Ang Thong Province Stadium ក្នុងខេត្តAng Thong នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។ សរុប៤ប្រកួតមកនេះ អំឡុងពេលកីឡាករ ឃួន ឡាបូរ៉ាវី ធ្វើដំណើរទៅដល់ក្រុម Sarat Thani FC បានប្រកួតចាញ់ក្រុម Customs United ៤ទល់១ ហើយចាញ់ក្រុម Nara United បន្តចាញ់ក្រុម Phuket City ២ទល់១ និងចាញ់ក្រុម Simork ១ទល់០។
ក្លិបថ្មីរបស់កីឡាករមានកំណើតនៅខេត្តកំពង់ចាម នេះមានមូលដ្ឋាននៅខេត្តSurat Thani ភាគខាងត្បូងប្រទេសថៃ។ លោក Monthien Morrakot គ្រូបង្វឹកប្រចាំក្រុមនៅតែមានជំនឿចិត្តចំពោះការដាក់ឱ្យកីឡាករកម្ពុជា រូបនេះ ក្នុងការជួយរកគ្រាប់បាល់នៅប្រកួតបន្តបន្ទាប់។ ក្តីស្រមៃរបស់ ឃួន ឡាបូរ៉ាវី បានលើកឡើងថា រូបគេរំពឹងថា អាចរកគ្រាប់បាល់ ព្រមទាំងអាចជាផ្នែកមួយជួយឱ្យក្រុមរកបានពិន្ទុប្រជែងកំពូលតារាង នៅប្រកួតបន្តបន្ទាប់។
នៅលីគរបស់ប្រទេសថៃ បានតម្រូវឱ្យក្លិបជាសមាជិករបស់ខ្លួនចុះបញ្ជីកីឡាករបរទេសបានចំនួន៥នាក់ដោយក្នុងនោះមានកីឡាករបរទេសមិនគិតជាតិសាសន៍ចំនួន៣នាក់ កីឡាករជាជនជាតិក្នុងទ្វីបអាស៊ី១នាក់ និងកីឡាករក្នុងតំបន់អាស៊ាន១នាក់។ ក្លិប Turat Thani វិញបានចុះបញ្ជីកីឡាករពេញហើយមានកីឡាករប្រេស៊ីល Vinicius Silva Freitas កីឡាករកូឌីវ័រ Soumahoro Mafaកីឡាករកូឌីវ័រ Kourouma Mohamed កីឡាករអ៊ីរ៉ង់ Faramarz Vahdat Derakhshan និង ឃួន ឡាបូរ៉ាវី របស់កម្ពុជា។
គិតត្រឹមសប្ដាហ៍ទី១៧កន្លងមកនេះក្រុម Surat Thani កំពុងឈរចំណាត់ថ្នាក់លេខ១០បណ្តោះអាសន្នក្នុងចំណោមសមាជិកទាំង១៤ ប្រចាំមណ្ឌលជាមួយគ្នា ក្រោយប្រកួតឈ្នះ៤លើក ស្មើគ្នា៥លើក និងចាញ់៨លើក មាន១៧ពិន្ទុ។ តាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់ថៃ ក្រុមកំពូលតារាងប្រចាំលីគទី៣ថៃនេះមានឈ្មោះឡើងទៅកាន់លីគលំដាប់ទី២ ខណៈក្រុមលេខ២មានឈ្មោះប្រកួតជម្រុះជាមួយក្រុមនៅមណ្ឌលផ្សេងទៀត ខណៈក្រុមនៅបានតារាងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី៤។
សម្រាប់ប្រកួតបន្ទាប់ប្រចាំសប្ដាហ៍ទី១៨ នៃពានរង្វាន់ T3-League 2018 នឹងបន្តធ្វើឡើងនៅចុងសប្ដាហ៍ក្រោយ ក្រុម Surat Thani ត្រៀមទទួលភ្ញៀវ Bangkok U. Deffo នៅវេលាម៉ោង៤ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Surat Thani Stadium របស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments