Ad Code

លោក ហ៊ុន ម៉ា​ណែ​ត នឹង​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នាពេល​ឆាប់ៗ​ខាងមុខ



ភ្នំពេញ ​៖ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក អាច​នឹង​ទទួល​បានកា​រ​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នាពេល​ឆាប់ៗ​ខាងមុខ ដោយសារតែ​លោក​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី និង​ជា​មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​។



នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ លើកឡើង​បែបនេះ ក្រោយពី​ពិធី​ប្រគល់​តំណែង​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ផ្ទេរតំណែង នាយសេនាធិការ​ចម្រុះ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ និង​តំណែង​មេបញ្ជាការ​ស្តីទី នៃ​កងទ័ពជើងគោក ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១៨ ដែល​ពី​ធី​នេះ រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

តាម​ប្រសាសន៍​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅក្នុង​ពិធី​នោះ​បាន​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត អាចនឹងទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​មាស​៤) ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារតែ​លោក​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី និង​ជា​មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក​។



សូមបញ្ជាក់ថា ការ​ប្រគល់​តំណែង​ស្តីទី​សំខាន់ៗ​ជូន​ដល់​មន្ត្រីជាន់ខ្ពស់​យោធា​ទាំង​ពីរ​រូប គឺធ្វើឡើង​ទៅតាម​តម្រូវការ​ចាំបាច់ ដោយសារតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​, នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្នុង​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ព្រះសីហនុ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧ​ត្ត​រ​មានជ័យ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ព្រះវិហារ​។



បើ​តាម​មាត្រា​២៥ នៃ​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​តម្រូវ​ឲ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា ដែល​មានបំណង​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​ដាក់​ពាក្យសុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់ ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ជា​ស្ថាពរ​យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu