ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា។ នេះជាការលើកឡើងរបស់លោក អ៊ឹង រចនា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើបទបង្ហាញស្តីពី កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ទៅកាន់សិស្ស និស្សិត ព្រះសង្ឃប្រមាណជាង ៤០០នាក់ កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនានេះ ក្រោមកិច្ចសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ រាជធានីភ្នំពេញ។
លោកអគ្គនាយក អ៊ឹង រចនា បានបញ្ជាក់ថា កម្ពុជា-ចិនមានទំនាក់ទំនងគ្នាតាំងពីមុនឆ្នាំ១៩៥១មកម្ល៉េះ រហូតដល់បច្ចុប្បន្ននេះ ជាខួបគម្រប់លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន។ ទំនាក់ទំនងនេះបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើកិច្ចសហប្រតិបត្តិការតាំងពីវិស័យយោធា សន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ហើយសព្វថ្ងៃនេះយើងខិតខំធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះ កាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ តាំងពីថ្នាក់កំពូល រហូតដល់មូលដ្ឋានខេត្ត/ក្រុង នៅក្នុងជួបពិភាក្សាគ្នា ទៅមករកគ្នាយ៉ាងជិតស្និទ្ធ ជួយគ្នា ផ្លាស់ប្តូរព័ត៌មានគ្នាលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។ កម្ពុជា បានអនុវត្តគោលនយោបាយការបរទេសដោយផ្អែកលើរដ្ឋធម្មនុញ្ញ ប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយ។ កម្ពុជាបានប្រកាន់ខ្ជាប់នយោបាយចិនមួយ មិនទទួលស្គាល់ចិនតៃវ៉ាន់ ហើយចិនក៏គាំទ្រកម្ពុជាដោយឥតលក្ខខ័ណ្ឌ។ ជំនួយឥតសំណង កម្មវិធីកម្ចីជាមួយចិន គឺឥតមានលក្ខខ័ណ្ឌ គឺផ្អែកតែទៅលើលក្ខខ័ណ្ឌផលិតផលក្នុងស្រុករបស់យើង។ ឆ្លងតាមទំនាក់ទំនងជឿទុកចិត្តគ្នាទៅវិញទៅមកនេះ គម្រោងជំនួយអភិវឌ្ឍន៍របស់ចិនមកកម្ពុជា គឺស្របនឹងនយោយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ សរុបជំនួយរបស់ចិនមកកម្ពុជាមកដល់ពេលនេះ ចិនបានជួយសាងសង់ស្ពានចំនួន ៧ សាងសង់ផ្លូវថ្នល់បានជាង ២០០០គីឡូម៉ែត្រ និងកំពុងបន្តពង្រីកការសាងសង់ជាបន្តបន្ទាប់ទៀត ដូចជាផ្លូវពីស្វាយអន្ទរ មកព្រៃវែងផ្លូវជាតិលេខ ១១។ ចិនបានធ្វើទំនប់វារីអគ្គិសនីចំនួន ៧ មានទំហំទឹកប្រាក់រហូតដល់ ១០០០លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មចិន-កម្ពុជាបានកើនដល់៥០០០លានដុល្លារក្នុងឆ្នាំ២០១៧ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាថា នឹងខិតខំឲ្យបានដល់ ៦.០០០លានដុល្លារនៅឆ្នាំ២០២០។ តំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែងបានបង្កើតឡើង ជាពិសេសនៅខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសដ៏ធំរបស់ចិន។ ឆ្នាំ២០១៥-២០១៦-២០១៧ ចិនបានទិញអង្ករពីកម្ពុជាចំនួន ២សែនតោន ឆ្នាំ២០១៨នេះចិនគ្រោងទិញអង្ករពីកម្ពុជាចំនួន ៣សែនតោនដើម្បីជួយកម្ពុជាដែលពិបាករកទីផ្សារនាំចេញអង្ករ តែការទិញមិនបានគ្រប់ចំនួនឲ្យគេទេ។ ចំពោះកសិផលក្នុងស្រុកផ្សេងៗ ដូចជាដំឡូងមី គ្រាប់ស្វាយចន្ទីរ ក្រសួងកសិកម្មកម្ពុជាកំពុងចរចាបំពេញលក្ខខ័ណ្ឌជាមួយចិន ដើម្បីនាំចេញកសិផលទៅចិនថែមទៀត។
នៅក្នុងការវិនិយោគឆ្នាំ២០១៧កន្លងទៅនេះ ចិនមានគម្រោងធំៗពីរជួយដល់កម្ពុជា ដែលគម្រោងធំទី១ គឺការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ និងគម្រោងធំទី២ គឺជាគម្រោងនៅក្នុងក្របខណ្ឌផ្លូវសូត្រសមុទ្ទ។ សហប្រតិបត្តិការកម្ពុជា-ចិនគ្រប់ជ្រុងជ្រោយនេះនៅមានច្រើនទៀត តាំងពីការជួយលើវិស័យអប់រំ ដែលជារៀងរាល់ឆ្នាំចិនបានផ្តល់អាហារូបករណ៍ ២០០នាក់ដល់កម្ពុជាទៅសិក្សានៅប្រទេសចិន។ ចំណែកកម្ពុជាវិញក៏បានផ្តល់អាហារូបករណ៍ឲ្យចិនចំនួន ១៥នាក់ ក្នុងមួយឆ្នាំ ដើម្បីមកសិក្សាភាសាខ្មែរ។ លើវិស័យទេសចរណ៍ចិននៅកម្ពុជាបានឈរលំដាប់លេខ១ នៅក្នុងឆ្នាំ២០១៧ ដែលមានរហូតដល់ ១លាន ២សែននាក់ ដែលទំហំទេសចរចិននៅកម្ពុជានេះបានជួយឲ្យប្រជាជនកម្ពុជាមានការងារធ្វើដ៏ច្រើន ជាពិសេសនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងនៅតាមបណ្តាខេត្តមួយចំនួន។
លើវិស័យអាកាសចរណ៍មានក្រុមហ៊ុនអាកាសចរណ៍ចិន ១៥ក្រុមហ៊ុន ដែលក្នុងមួយសប្តាហ៍មាន ១៥០ជើង។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងរកវិនិយោគទុនមកពង្រីកព្រលានយន្តហោះថ្មីនៅសៀមរាបមួយកន្លែងទៀត ក្នុងទិសដៅទទួលទេសចរចិនមកស្រុកខ្មែរឲ្យបានច្រើនថែមទៀតក្នុងពេលខាងមុខ។ ឆ្នាំ២០១៨នេះ គិតពីខែមករា ដល់ខែមេសា កម្ពុជាទទួលទេសចរចិនបានជាង ៦សែននាក់ ហើយទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ធ្វើយ៉ាងម៉េចទាក់ទាញទេសចរចិនឲ្យបាន ២លាននាក់នៅឆ្នាំ២០២០។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះដែរ យើងក៏បានបង្កើតទីក្រុងសម្ព័ន្ធភាពកម្ពុជា-ចិន ខណ្ឌ-ខេត្តសម្ព័ន្ធមេត្រីភាពកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរទៅវិញទៅមកធ្វើឲ្យយើងស្គាល់គ្នាកាន់តែជិតស្និទ្ធ កាន់តែស៊ីជម្រៅ ដែលទាំងនេះជាចំណុចសំខាន់។ ក្រៅពីនេះកម្ពុជា និងចិនមានការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ជាពិសេសក្នុងឆ្នាំ២០១៨គម្រប់ខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន រដ្ឋាភិបាលនៃប្រទេសទាំងពីរបានសហការគ្នាអបអរសារទរខួប ៦០ឆ្នាំកម្ពុជា-ចិន។
លោកបន្ថែមថា នៅក្នុងក្របខណ្ឌអន្តរជាតិយើងបានគាំទ្របេក្ខភាពខាងចិនជាច្រើន ហើយឆ្នាំ២០១៧ យើងបានគាំទ្រពីចិនមកវិញនៅក្នុងការចូលជាសមាជិកអេកូសូហ្វ និងបានជាប់ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០១៨-២០១៩ ដែលនេះជាមោទនភាពធំណាស់។ កម្ពុជានូវបានទទួលផលប្រយោជន៍ជាច្រើនទៀតពីចិន ដូចជានៅក្នុងកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងវេទិកាតំបន់ វេទិកាមេគង្គ-ឡាងឆាង វេទិកាអាស៊ាន-ចិន វេទិកាអាស៊ាន-សាំងហ្គាពួរ វេទិកាមហាអនុតំបន់ទន្លេមេគង្គ និងវេទិកាអង្គការតំបន់ផ្សេងៗជាច្រើនទៀតផងដែរ។
លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្ទសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានលើកឡើងពីគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ ផ្លូវសូត្រ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍអរិយធម៌ប្រទេសចិន ជប៉ុន កូរ៉េ និងឧបទ្វីបឥណ្ឌា អៀររ៉ង់ ឬតំបន់កើសៀន អារ៉ាប់ និងឧបទ្វីបអាមេរិក។ គំនិតផ្តួចផ្តើមនេះ គឺសមស្របតាមតម្រូវការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា។ ផ្តល់ឱកាសដល់ការជំរុញសហប្រតិបត្តិការក្នុងតំបន់ ដើម្បីភ្ជាប់ការអភិវឌ្ឍនៅគ្រប់វិស័យ។ ជាប្រភពមូលធនថ្មីបំពេញបន្ថែមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ផ្តល់ថាមពលរួម ដល់ការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជា ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០។ ជាគោលអភិវឌ្ឍន៍គំរូថ្មី ដើម្បីឈានទៅទទួលបានអនាគតរួម និងសហគមន៍មួយសម្រាប់មនុស្សជាតិ។
សូមបញ្ជាក់ថា កម្មវិធីបទបង្ហាញនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក សំបូរ មាណ្ណារ៉ា សកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងដោយមានការចូលរួមពីវាគ្មិនសំខាន់ៗពីលោក អ៊ឹង រចនា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការស្រាវជ្រាវផ្លូវសូត្រសមុទ្ទសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ក្នុងគោលបំណងផ្តល់ការយល់ដឹងដល់សិស្ស និស្សិត បញ្ញាវន្ត ជាមូលដ្ឋាននៅក្នុងសិក្សារៀនសូត្រឲ្យកាន់តែស៊ីជម្រៅថែមទៀត ស្តីពីទំនាក់ទំនងកម្ពុជា-ចិន៕
Source: Kampuchea Thmey Daily
0 Comments