Ad Code

លោក​កែ គឹមយ៉ាន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ឯកសារ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នៅ​នៅ​ឃុំ​កូប



បន្ទាយមានជ័យ ៖ លោក​កែ គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ឯកសារ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ពិសេស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លេខ​រៀង​ទី​២០​ ដើម្បី​ឲ្យ​សម្តេច​តេ​ជោ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ ព្រោះ​សំអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ស្នាដៃ​ជាច្រើន​ក្នុង​ការ​កសាង​ជាតិ​រយៈពេល​ជាង​៣០​ឆ្នាំកន្លងមក ​រួម​មាន​ប្រទេសជាតិ​ដោយ​រក្សា​បាន​នូវ​ស្ថិរភាព សុខសន្តិភាព ជំរុញ​ការ​អភិវឌ្ឍ​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ការ​ផ្លាស់ប្តូរ​រីកចម្រើន​ធូរធារ​ជា​លំដាប់​ផង​ដែរ​ថ្លែង​ក្នុង​ពិធី​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជិត​៣.០០០​នាក់​នៅ​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅក្នុង​បរិវេណ​សាលាស្រុក​អូរជ្រៅ ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។



ពិធី​នេះ​មានការ​ចូលរួមពី​ លោក ​សួន​បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ញ៉ា អ្នកតំណាងរាស្ត្រ​ត្រៀម​ឈរឈ្មោះ មន្ត្រីជាន់ខ្ពស់ នគរបាល អាវុធហត្ថ សិស្ស សហភាពសហព័ន្ធ​យុវជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ជាង​២.៧១៨​នាក់​ បាន​ចូលរួម​ផង​ដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ​ គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​អាណត្តិ​ទី​៦​ដូច្នេះ​ប្រជាពលរដ្ឋ​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ ត្រៀម​នូវ​ឯកសារ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ថែរក្សា​សុខសន្តិភាព និង​បន្ត​ការអភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ រីកចម្រើន​ថែមទៀត​។



លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​គូសបញ្ជាក់​ថា ចាប់​ពីមួយ​អាណត្តិ ទៅមួយ​អាណត្តិ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេសជាតិ​ដោយ​រក្សា​បាន​នូវ​ស្ថិរភាព សុខ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ការ​ផ្លាស់​ប្តូរ​រីកចម្រើន​ធូរធារ​ជា​លំដាប់​។ លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី​បន្ត​ថា ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កូន ចៅ​ជំនាន់​ក្រោយ​ គឺ​ដើម្បី​បន្តវេន​ជា​ការងារ​អាទិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ខិតខំ​កសាង​នូវ​សាលារៀន​គ្រប់​កម្រិតសិក្សា​នៅ​គ្រប់​ទីកន្លែង​ដោយ​បង្ខិត​សាលារៀន​ឲ្យ​មក​ជិត​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​ជំរុញ​ពង្រឹងគុណភាព​អប់រំ​នៅ​គ្រប់​កម្រិតសិក្សា ត​ភ្លើង​ពី​ក្រុង​ដល់​ជនបទ មាន​ទឹកស្អាត​នៅតាម​ក្រុង ស្រុក មន្ទីរពេទ្យ​ព្យាបាល​ដោយ​មិន​យក​កំរៃ បន្ត​កសាង​ផ្លូវ​ក្រាល​គ្រួស​ក្រហម និង​ចាក់​បេតុង​នៅ​តាន​មូលដ្ឋាន​បាន​មួយ​ចំនួន​ធំ​ទៀត​ផង​។



លោក​បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចាប់យក​ឱកាស​មាស​នេះ ដោយ​ត្រូវ ជំរុញ​បញ្ជូន​កូនចៅ​ដែល​គ្រប់​អាយុ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​អភិវឌ្ឍន៍​គ្រួសារ និង​សង្គមជាតិ​ឲ្យ​បាន​រុងរឿង​បន្ត​ទៀត។



លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ដែល​បាន​រួមគ្នា​ថែរក្សា​សន្តិភាព និង​សូម​បន្ត​ថែរក្សា​នូវ​តម្លៃ​នៃ​សន្តិភាព នេះ​ឲ្យ​បាន​គង់វង្ស​ហើយ​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​និង​បន្ដ​អភិវឌ្ឍន៍​នាវា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​បន្ថែម​ទៀត​។ ​ជាមួយនេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​នាំ​យក​ថវិកា និង​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​២.៧១៨​នាក់ ដោយ​ម្នាក់ៗ ទទួល​សារុង​១​និង​បន្ត​ជួយ​កសាង​ផ្លូវលំ​ចាក់​គ្រួស​ក្រហម​នៅតាម​មូលដ្ឋាន​ហើយ​បាន​ជួយ​កសាង​វត្ត និង​សាលារៀន​បន្តទៀត​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu