Ad Code

អូន​ធំ​ពេញរូបពេញរាង​ហើយ ​៖ រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​អាយុកាល​២៥​ឆ្នាំ



ភ្នំពេញ ​៖ ប្រទេស​កម្ពុជា​ បានចាប់ផ្តើម​បង្កើត​រដ្ឋធម្មនុញ្ញ​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៤៧ ហើយ​រដ្ឋធម្មនុញ្ញ ដែល​ប្រទេស​កម្ពុជា កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ជា​រដ្ឋធម្មនុញ្ញ​លើក​ទី​៦ ត្រូវបាន​អនុម័ត​ដោយ​សភាធម្មនុញ្ញ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៩៣ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជ​បិតា ឯករាជ​ជាតិ នរោត្តម សីហនុ ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ហើយ​គិត​មកដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដូច្នេះ​បើ​និយាយ​ពី​មនុស្ស​ ក៏​ចូល​វ័យ​មួយ​ចាស់ចិត្ត​ ចាស់​គំនិត​ ដឹង​ខុសត្រូវ ពេញរូបពេញរាង ដែល​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ដោយ​មិនចាំ​បាច់​ពឹង​អ្នក​ដទៃទៀត​នោះ​ទេ។

តាម​ឯក​បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វ​ថ្ងៃនេះ បាន​កើត​ឡើងជា​ថ្មី បន្ទាប់ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្ស ហើយ​ត្រូវ​បាន​បញ្ចប់​ក្រោម​ជំនួប​កិច្ចចរចា​ស្វែងរក​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១។ រដ្ឋធម្មនុញ្ញ​នេះ បាន​បង្ហាញ​ពី​ស្មារតី​រួបរួម​សាមគ្គីភាព​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ រួមមាន​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ជា​មេដឹកនាំ​ចលនា​តស៊ូ និង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា។

តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​បាន​អះអាង​ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់កំពូល ដែលជា​ឆ្អឹងខ្នង​របស់​រដ្ឋ​នីមួយៗ ដែល​និយាយ​អំពី​ការគ្រប់គ្រង​ប្រទេស​លើ​គ្រប់​វិស័យ​ទាំងអស់ ប៉ុន្តែ​និយាយ​តែ​រឿង​សំខាន់ៗ​តែប៉ុណ្ណោះ​។ សម្រាប់​វិស័យ​ផ្សេងៗ មានច្បាប់​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត ហើយ​សម្រាប់​ខួប​២៥​ឆ្នាំនេះ មិន​មាន​រៀបចំ​ពិធី​អ្វី​ធំដុំ​នោះ​ទេ​។ លោក​បន្តថា ដោយសារ​តែ​មាន​រដ្ឋធម្មនុញ្ញ​ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានការ​អភិ​ឌ្ឍ​ទៅមុខ​ឥតឈប់ឈរ​។​

រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​សម្រាប់​ប្រទេស​កម្ពុជា ដែល​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​។ រដ្ឋធម្មនុញ្ញ​គ្រប់គ្រង​បញ្ហា​អធិបតេយ្យភាព តួនាទី និង​ឋានៈ​របស់​ព្រះមហាក្សត្រ សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និង​កិច្ចការ​សង្គម ការ​ប្រព្រឹត្តទៅ​នៃ​រដ្ឋសភា ព្រឹទ្ធសភា សមាជ​និង​រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ​នៃ​ស្ថាប័ន​តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល​និង​សភាជាតិ​។ ជាពិសេស​រដ្ឋធម្មនុញ្ញ គឺជា​បន្ទាត់​ក្រឹត្យ​មួយ​សម្រាប់​តម្រង់​ទិស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ទៅតាម​ច្បាប់។ មិនតែប៉ុណ្ណោះ​រាល់​ច្បាប់ និង​ឯកសារ​គតិយុត្តិ​ទាំងឡាយ​របស់​កម្ពុជា ត្រូវ​អនុលោម​ទៅតាម​រដ្ឋធម្មនុញ្ញ បើ​ពុំនោះសោត​ច្បាប់ និង​ឯកសារ​គតិយុត្តិ​ទាំងនោះ នឹង​អធមនុញ្ញភាព។

នៅក្នុង​បុព្វកថា របស់​រដ្ឋធម្មនុញ្ញ ក៏បាន​ដាស់តឿន និង​រំលឹក​ដល់​កូន​ខ្មែរ​ផង​ដែរ​ថា សង្គ្រាម​បាន​នាំ​កម្ពុជា​ឲ្យ​អន្តរាយ ខ្ទេចខ្ទាំ ហើយ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ជាថ្មី ដើម្បី​ពង្រឹង​នូវ​ការ​រួបរួម​ជាតិ​ជាថ្មី​ឡើងវិញ។ យើង​ជា​ប្រជារាស្ត្រ​ខែ្មរ ដែល​ធ្លាប់​មាន​អារ្យធម៌​ឧ​ត្តុ​ង​ឧ​ត្ត​ម ប្រទេសជាតិ​ស្តុកស្តម្ភ ធំ​ទូលាយ​ថ្កុំថ្កើង​រុងរឿង កិត្យានុភាព​ខ្ពង់ខ្ពស់ ភ្លឺ​ចែងចាំង​ដូច​ពេជ្រ ពណ្ណរាយ បាន​ធ្លាក់ខ្លួន ដ៏​សែន​រន្ធត់ ក្នុង​អំទ្បុង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ឆ្លងកាត់​ទុក្ខសោក វិនាស​អន្តរាយ​ទ្រុឌទ្រោម​ឱនថយ​មហា​សោកស្តាយ បានភ្ញាក់រលឹក​ក្រោកឈរ​ទ្បើង ចង​បាច់​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួប​រួមគ្នា​ពង្រឹង ឯកភាព​ជាតិ រក្សា​ការពារ​ទឹកដី​កម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង​អារ្យធម៌​អង្គរ ដ៏​បវរ កសាង​ប្រទេសជាតិ​ឱ្យទៅជា “​កោះសន្តិភាព​” ទ្បើង​វិញ​។​

គិត​មកដល់​ត្រឹម​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០០១៨ នេះ រដ្ឋធម្មនុញ្ញ​នេះ បានធ្វើ​វិសោធនកម្ម​ចំនួន​៨ លើក​ហើយ​។ លើក​ទី​១ ធ្វើឡើង​នៅ​ខែកក្កដា ឆ្នាំ​១៩៩៤, លើក​ទី​២ ខែមីនា ឆ្នាំ​១៩៩៩, លើក​ទី​៣ ខែកក្កដា ឆ្នាំ ២០០១, លើក​ទី​៤ ខែមិថុនា ឆ្នាំ​២០០៥, លើក​ទី​៥ ខែមីនា ឆ្នាំ​២០០៦, លើក​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០០៨, លើក​ទី​៧ ខែតុលា ឆ្នាំ​២០១៤ គឺ​ធ្វើ​វិសោធនកម្ម​មាត្រា​៧៦ ដាក់បញ្ចូល​ច្បាប់បោះឆ្នោត​ទៅ​ច្បាប់កំពូល​របស់​ជាតិ និង​លើក​ទី​៨ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយបាន​កែប្រែ​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៥៣ និង​មាត្រា​១១៨ ស្តីពី​ការកំណត់​សមាសភាព​សមាជិក​គណៈ​រដ្ឋមន្ត្រី​។​

ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២៥ ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ចាត់​ឱ្យ​បោះពុម្ពផ្សាយ​រដ្ឋធម្មនុញ្ញ​ចំនួន​២,៥០០០​ច្បាប់ ដើម្បី​ធ្វើការ​ចែក​ជូន​គ្រប់​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ការ​បោះពុម្ពផ្សាយ​នេះ ជាការ​បញ្ជ្រាប​ការ​យល់ដឹង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ទៅក្នុង​មជ្ឈដ្ឋាន​ទាំងអស់​របស់​សង្គមជាតិ ដើម្បី​លើកកម្ពស់​នីតិរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បន្ត​បោះពុម្ពផ្សាយ​ជាច្រើន​ម៉ឺន​ច្បាប់​ទៀត ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ច្បាប់កំពូល​របស់​ជាតិ​មួយ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ទៅដល់​គ្រប់​ស្រទាប់​នៃ​សង្គម ជាពិសេស​បាន​ដល់​អាជ្ញាធរ​មូលដ្ឋាន រួមមាន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ជាដើម​។​

តាម​ឯកសា រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​បដិសន្ធិ​ឡើង មក​បាន​ឆ្លងកាត់​រដ្ឋធម្មនុញ្ញ​ចំនួន​៦ លើក​រួចមកហើយ គឺ​ទី​១. រដ្ឋធម្មនុញ្ញ ប្រទេស​កម្ពុជា (១៩៤៧ ១៩៧០) ទី​២. រដ្ឋធម្មនុញ្ញ សាធារណ​ខ្មែរ (១៩៧០ ១៩៧៥) ទី​៣. រដ្ឋធម្មនុញ្ញ កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩) ទី​៤. រដ្ឋធម្មនុញ្ញ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (១៩៧៩ ១៩៨៩) ទី​៥. រដ្ឋធម្មនុញ្ញ រដ្ឋ​កម្ពុជា (១៩៨៩ ១៩៩៣) ទី​៦. រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា (១៩៩៣ បច្ចុប្បន្ន​)​។​
១. រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា (១៩៤៧ ១៩៧០) រដ្ឋធម្មនុញ្ញ​នេះ បែង​ចែកជា​១២ ជំពូក និង​មាន​១២២ មាត្រា​។ ជំពូក​ទី​១ ចែង​អំពី​ធម្មជាតិ និង​សណ្ឋាន​ដី​របស់​រដ្ឋ ជំពូក​ទី​២ ចែង​អំពី សេរីភាព សិទ្ធិ និង ករណីយកិច្ច​របស់​ខេមរជន ជំពូក​ទី​៣ ចែង​អំពី ច្បាប់​និង​អំណាច ជំពូក​ទី​៤ ចែង​អំពី ព្រះមហាក្សត្រ ជំពូក​ទី​៥ ចែង​អំពី រដ្ឋសភា ជំពូក​ទី​៦ ចែង​អំពី​ក្រុមប្រឹក្សា ព្រះរាជាណាចក្រ​កម្ពុជា ជំពូក​ទី​៧ ចែង​អំពី សភា​ប្រជារាស្ត្រ ប្រចាំខេត្ត និង រាជធានី ជំពូក​ទី​៨ ចែង​អំពី សមាជជាតិ ជំពូក​ទី​៩ ចែង​អំពី​រដ្ឋមន្ត្រី ជំពូក​ទី​១០ ចែង​អំពី អំណាចតុលាការ ជំពូក​ទី​១១ ចែង​អំពី​បញ្ញត្តិ​ទូទៅ និង ជំពូក​ទី​១២ ចែង​អំពី​បទបញ្ញត្តិ​ពិសេស​។​
២. រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​កម្ពុជា (១៩៧០ ១៩៧៥) ក្នុង​របប​នេះ រដ្ឋធម្មនុញ្ញ​បាន​បែង​ចែកជា ១១​ជំពូក មាន​មាត្រា​១២១ និង​មាន​មាត្រា​អវសាន​ដែល​ដាក់ ជាធរ​មាននៃ​រដ្ឋធម្មនុញ្ញ​។ ជំពូក​ទី​១ ចែង​អំពី​បញ្ញត្តិ ជា​គ្រឹះ​ជំពូក​ទី​២ ចែង​អំពី​សិទ្ធិ​និង​ករណីយកិច្ច​នៃ​ពលរដ្ឋ ជំពូក​ទី​៣ ចែង​អំពី​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ជំពូក​ទី​៤​ចែង​អំពី​រដ្ឋាភិបាល ជំពូក​ទី​៥ ចែង​អំពី សហ​សភា ជំពូក​ទី​៦ ចែង​អំពី ការទាក់ទង​រវាង​សហ​សភា និង​រដ្ឋាភិបាល ជំពូក​ទី​៧ ចែង​អំពី​អំណាចតុលាការ ១.​ក្រុម​ចៅក្រម ២.​តុលាការ កំពូល ៣.​ឧ​ត្ត​ម​ក្រុមប្រឹក្សាតុលាការ ជំពូក​ទី​៨ ចែង​អំពី ស្ថាប័ន​ដទៃទៀត នៃ​សាធារណរដ្ឋ ជំពូក​ទី​៩ ចែង​អំពី​សមូហភាព​ដែនដី ជំពូក​ទី​១០ ចែង​អំពី​ការពិនិត្យ​និង​វិសោធនកម្ម ជំពូក​ទី​១១ ចែង​អំពី​អន្តរ​ប្បញ្ញត្តិ​។​
៣. រដ្ឋធម្មនុញ្ញ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩) របប​នេះ​រដ្ឋធម្មនុញ្ញ មាន ១៦​ជំពូក និង​មាន ២១ មាត្រា​។ ជំពូក​ទី​១ ចែង​អំពី​របប​រដ្ឋ ជំពូក​ទី​២ ចែង​អំពី​របប​សេដ្ឋកិច្ច ជំពូក​ទី​៣ ចែង​អំពី​របប​វប្បធម៌ ជំពូក​ទី​៤ ចែង​អំពី​របប​ដឹក នាំ​និង​ធ្វើ​ការងារ ជំពូក​ទី​៥ ចែង​អំពី អំណាច​ធ្វើ​ច្បាប់ ជំពូក​ទី​៦ ចែង​អំពី អង្គការ​អនុវត្ត​ច្បាប់ ជំពូក​ទី​៧ ចែង​អំពី តុលាការ ជំពូក​ទី​៨ ចែង​អំពី គណៈ​ប្រធាន ជំពូក​ទី​៩ ចែង​អំពី សិទ្ធិ និង​ករណីយកិច្ច របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ ជំពូក​ទី​១០ ចែង​អំពី រដ្ឋធានី ជំពូក​ទី​១១ ចែង​អំពី​ទង់ជាតិ ជំពូក​ទី​១២ ចែង​អំពី​សញ្ញា​ជាតិ ជំពូក​ទី​១៣ ចែង​អំពី​ភ្លេងជាតិ ជំពូក​ទី​១៤ ចែង​អំពី កងទ័ព​បដិវត្ត​កម្ពុជា ជំពូក​ទី​១៥ ចែង​អំពី សិទ្ធិ​ខាង​ជំនឿ និង សាសនា ជំពូក​ទី​១៦ ចែង​អំពី​នយោបាយ​ក្រៅប្រទេស​។​
៤. រដ្ឋធម្មនុញ្ញ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (១៩៧៩ ១៩៨៩) របប​នេះ​រដ្ឋធម្មនុញ្ញ បែង​ចែកជា​១០ ជំពូក និង​មាន​៩៣ មាត្រា​។ ជំពូក​ទី​១ ចែង​អំពី​របប​នយោបាយ ជំពូក​ទី​២ ចែង​អំពី របប​សេដ្ឋកិច្ច និង​គោលនយោបាយ វប្បធម៌ សង្គមកិច្ច ជំពូក​ទី​៣ ចែង​អំពី សិទ្ធិ និង ករណីយកិច្ច របស់​ប្រជាពលរដ្ឋ ជំពូក​ទី​៤ ចែង​អំពី រដ្ឋសភា ជំពូក​ទី​៥ ចែង​អំពី ក្រុមប្រឹក្សារដ្ឋ ជំពូក​ទី​៦ ចែង​អំពី ក្រុមប្រឹក្សារដ្ឋមន្ត្រី ជំពូក​ទី​៧ ចែង​អំពី​គណៈកម្មាធិការ ប្រជាជន​បដិវត្ត​មូលដ្ឋាន ជំពូក​ទី​៨ ចែង​អំពី សាលាជម្រះក្តី និង អយ្យការ ជំពូក​ទី​៩ ចែង​អំពី សញ្ញា​ជាតិ ទង់ជាតិ ភ្លេងជាតិ និង រដ្ឋធានី ជំពូក​ទី​១០ ចែង​អំពី អានុភាព​នៃ​រដ្ឋធម្មនុញ្ញ និង ការកែប្រែ​រដ្ឋធម្មនុញ្ញ​។​
៥. រដ្ឋធម្មនុញ្ញ រដ្ឋ​កម្ពុជា (១៩៨៩ ១៩៩៣) របប​នេះ និង​របប​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា មាន​ដូចគ្នា គ្រប់ជំពូក គ្រប់​មាត្រា ដោយ​គ្រាន់តែ​ប្តូរ​ឈ្មោះ ពី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មកជា​រដ្ឋ​កម្ពុជា​វិញ​តែប៉ុណ្ណោះ​។​
៦. រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (១៩៩៣) ក្នុង​រដ្ឋធម្មនុញ្ញ​នេះ បែង​ចែកជា ១៤ ជំពូក ១៣៩ មាត្រា​។ ជំពូក​ទី​១ ចែង​អំពី អធិបតេយ្យ ជំពូក​ទី​២ ចែង​អំពី ព្រះមហាក្សត្រ ជំពូក​ទី​៣ ចែង​អំពី សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ ជំពូក​ទី​៤ ចែង​អំពី របប​នយោបាយ ជំពូក​ទី​៥ ចែង​អំពី សេដ្ឋកិច្ច ជំពូក​ទី​៦ ចែង​អំពី អប់រំ​វប្បធម៌ និង សង្គមកិច្ច ជំពូក​ទី​៧ ចែង​អំពី រដ្ឋសភា ជំពូក​ទី​៨ ចែង​អំពី រាជរដ្ឋាភិបាល ជំពូក​ទី​៩ ចែង​អំពី អំណាចតុលាការ ជំពូក​ទី​១០ ចែង​អំពី​ក្រុមប្រឹក្សាធម្មនុញ្ញ ជំពូក​ទី​១១ ចែង​អំពី ការគ្រប់គ្រង​រដ្ឋបាល ជំពូក​ទី​១២ ចែង​អំពី សមាជជាតិ ជំពូក​ទី​១៣ ចែង​អំពី​អានុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជំពូក​ទី​១៤ ចែង​អំពី​អន្តរ​ប្បញ្ញត្តិ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu