ត្រីឆ្លាមចំនួនបួនក្បាលត្រូវបានសម្លាប់នៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីស្ត្រីម្នាក់និងក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានវាយប្រហារនៅកន្លែងទេសចរណ៍ Great Barrier Reef ដ៏មានប្រជាប្រិយ។
អ្នកទាំងពីរនៅតែស្ថិតក្នុងមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យបន្ទាប់ពីរងការវាយប្រហារនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នាត្រឹមតែមួយថ្ងៃប៉ុណ្ណោះកាលពីសប្ដាហ៍មុននៅកោះ Whitsunday ។
អ្នកនាំពាក្យនាយកដ្ឋានជលផលរដ្ឋ Queensland បាននិយាយកាលពីថ្ងៃអាទិត្យថា Drum lines ដែលប្រើនុយដើម្បីចាប់ត្រីបានប្រមាញ់ត្រីឆ្លាមខ្លាចំនួន៤ក្បាលដែលមួយក្បាលមានប្រវែង៣.៧ម៉ែត្រនិងផ្សេងៗទៀតមានប្រវែងពី២ទៅ៣ម៉ែត្រ។
លោកបាននិយាយថា “ខណៈដែលត្រីឆ្លាមមានទំហំប៉ុននេះអាចបង្កគ្រោះថ្នាក់ខ្លាំងដល់មនុស្សនោះ វាមិនច្បាស់ទេថាតើពួកគេទទួលខុសត្រូវចំពោះការរងរបួសដល់អ្នកហែលទឹកទាំងពីរនាក់ដែលឬក៏អត់”។
អ្នកនាំពាក្យរូបនេះបាននិយាយថា វាច្បាស់ណាស់ថាមានត្រីឆ្លាមសកម្មក្នុងចំនួនដ៏ច្រើននៅក្នុងទឹកនៃតំបន់នេះហើយប្រជាជនត្រូវបានជំរុញកុំឲ្យហែលទឹក។
Drumline នឹងបន្តដាក់រហូតដល់សប្តាហ៍ក្រោយ។
ការវាយប្រហារដោយត្រីឆ្លាមគឺជារឿងដ៏កម្រនៅប្រជុំកោះ Whitsunday ដោយការវាយប្រហារចុងក្រោយបំផុតត្រូវបានគេរាយការណ៍កាលពី៨ឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មានជាតិ ABC ។
ការវាយប្រហារនេះបានធ្វើឲ្យមានការជជែកវែកញែកជាថ្មីអំពីរបៀបដែលល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការជួបគ្នារវាងត្រីឆ្លាមនិងការកើនឡើងនៃចំនួនមនុស្សដែលប្រើប្រាស់មហាសមុទ្រដើម្បីកម្សាន្ត។
ក្រុមអ្នកអភិរក្សនិងអ្នកវិទ្យាសាស្ត្រសមុទ្របានជំទាស់ចំពោះការសម្លាប់ត្រីឆ្លាមហើយទទូចថា drum line គឺជាឧបករណ៍រិលព្រោះពួកគេជាញឹកញាប់ចាប់បានសត្វផ្សេងៗ៕ AFP
Source: Kampuchea Thmey Daily
0 Comments