បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចតែងតែដាក់កម្លាំងឲ្យតាមប្រមាញ់ ដោយសារតែជននេះមានជាប់ពាក់ព័ន្ធទៅនឹងករណីចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពជាក់ស្ដែង។
តាមការលើកឡើងរបស់ លោកវរសេនីយ៍ឯក សុង សុភ័ក្រ អធិការនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទីយប់ លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ធ្វើការបង្ក្រាបជាក់ស្ដែង នូវករណីរក្សាទុក និងជួញដូរ គ្រឿងញៀនខុសច្បាប់១ករណី។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សន រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដោយបានដកហូតនូវវត្ថុតាង គឺថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់តូច ស្មើនឹងទម្ងន់០,៨២ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន៦គ្រាប់ និងទូរស័ព្ទដៃម៉ាកអាយខល ( ICall ) ពណ៌ខ្មៅលាយខៀវ ចំនួន០១គ្រឿង។
ក្រោយពេលបង្ក្រាប ជនសង្ស័យ និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments