ស្វាយរៀង ៖ ខណៈដែលព្រំដែនមានស្ថិរភាព សន្តិសុខល្អ ពលរដ្ឋមានការវិវឌ្ឍន៍ នៃជីវភាព និងសេដ្ឋកិច្ច ជំរុញដល់ការផ្លាស់ប្ដូរពីការរស់នៅប្រមូលផ្ដុំ ក្នុងភូមិ ឆ្ពោះទៅរកការរស់នៅតាមខ្សែបន្ទាត់ព្រំដែន គប្បីផ្នែកពាក់ព័ន្ធគួរពិចារណាកសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ជាការចាំបាច់ បើមានលទ្ធភាព ពីព្រោះអ្នកទាំងនោះ ហើយដែលជាអ្នកស្នេហាជាតិ និងទឹកដីពិត។
តំណាងពលរដ្ឋ រស់នៅអាស្រ័យផលលើវិស័យកសិកម្ម តាមប្របខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ បានសំដែងនូវការសប្បាយរីករាយចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នបានកសាងបង្គោលព្រំដែន មានសន្តិភាពនៅទីនេះ បានជំរុញឲ្យពលរដ្ឋមានជំនឿ និងបម្លាស់ទីមករួមរស់នៅប្របនឹងបន្ទាត់ព្រំដែនជុំវិញខាងលើនេះ ខ្ញុំសុំអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជួយ ជួសជុលផ្លូវ និងជីកប្រឡាយមួយខ្សែ ដើម្បីប្រើប្រាស់ ខណៈដែលពលរដ្ឋក្នុងភូមិជាង១០គ្រួសារ បានទៅរស់នៅតាមខ្សែបន្ទាត់ព្រំដែន ជួបកង្វះខាតផ្លូវ ទំនាក់ទំនងគ្មាននៅពេលមានបញ្ហាម្ដងម្កាល ពិសេសជួបកង្វះទឹកបង្កបង្កើនផលដាំដំណាំនៅរដូវប្រាំង។
ស្រដៀងគ្នាដែរ លោក ប៊ូ សុវណ្ណ គណៈកម្មការអាចារ្យវត្ត ភូមិគោកតែកបានបញ្ជាក់ដោយមោទនភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ដើមឡើយនៅតំបន់មួយនេះមិនមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន ពិសេសបញ្ហាសន្តិសុខព្រំដែន ធ្វើឲ្យពលរដ្ឋមានជំនឿ និងធ្វើការបម្លាស់ទីទៅរស់នៅព្រំដែនដូចអ្នកភូមិខ្ញុំជាង១០គ្រួសារជាសក្ខីភាព។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង ជាខេត្តមួយដែលពលរដ្ឋជាង៩០ភាគរយ ធ្វើស្រែដាំដំណាំ និងចិញ្ចឹមសត្វ ក្នុងការអភិវឌ្ឍន៍គ្រួសារមូលដ្ឋាន។
នៅក្នុងឆ្នាំ២០១៧-២០១៨ នេះ កសិករ រួមនឹងការគួបផ្សំទៅនឹងមន្ទីរជំនាញ បានជំរុញផលិតស្រូវ បានប្រមាណ១០១ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំរបស់ខេត្ត ជិត២សែនហិកតា ដោយទទួលបានទិន្នផល ពី ៣ ទៅ ៤ តោន ជាងក្នុងមួយហិកតា ដើម្បីបម្រើជីវភាព និងអភិវឌ្ឍន៍គ្រួសារ៕
Source: Kampuchea Thmey Daily
0 Comments