ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យបែកថ្នាំញៀនខ្លាំង បានឡើងទៅលើអគារការដ្ឋានសំណង់ផ្សារសហគមន៍ស៊ីវិល័យ រកលោតមកក្រោមសម្លាប់ខ្លួន ប៉ុន្តែសង្ស័យភ័យខ្លាចស្លាប់បានយកខ្សែក្រវាត់ទៅចង ភ្ជាប់នឹងបង្គោល ខ្លាចធ្លាក់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់ផ្សារសហគមន៍ស៊ីវិល័យ ផ្លូវព្រះមុនីវង្ស ក្រុម៦៩ ស្ថិតនៅភូមិ១១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ យុវជនម្នាក់ អាយុជាង២០ឆ្នាំ បានរត់ចូលការដ្ឋានសំណង់ក្បែរ ស្នាក់ការ កាសែត រស្មីកម្ពុជា ហើយឡើងលើអគារសំណង់កំពុងសាងសង់ ប៉ងលោតសម្លាប់ខ្លួន មិនដឹងមូលហេតុ។
ករណីនេះត្រូវបានគេសង្ស័យ បុរសហ្នឹងប្រើប្រាស់ថ្នាំញៀនហួសកម្រិត ទើបឡើងទៅលើអគារ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺបុរសរូបនោះ សង្ស័យ ខ្លាចធ្លាក់ស្លាប់ដែរ គេឃើញយកខ្សែក្រវាត់ទៅចងនឹងបង្គោល ដែលនៅក្បែរនោះ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ក្រុមជាង និងអ្នកដំណើរ ព្រមទាំងសមត្ថកិច្ច ចោមរោមមើល និងចុះត្រួតពិនិត្យ រកវិធីអន្តរាគមន៍។
តាមការសាកសួររបស់សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនោះ និយាយថា មានគេចង់សម្លាប់គាត់ ទើបខ្លួនភ័យរត់ឲ្យគេជួយ ហើយមិនដឹងរត់ទៅណា មានតែឡើងទីខ្ពស់ ទើបអាចរត់គេចពីសេចក្ដីស្លាប់ ក្រោយមកសមត្ថកិច្ចខិតខំលួងលោមឲ្យបុរសនោះចុះមកក្រោមវិញ នាំយកទៅសួរនាំ ហើយសមត្ថកិច្ចបញ្ជាក់ថាបុរសរូបនោះ មានស្មារតីមិនប្រក្រតី អាចប្រើប្រាស់ថ្នាំញៀនជ្រុល ទើបធ្វើបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments