Ad Code

ការប្រហារជីវិត​នៅ​ជប៉ុន​ក្នុង​ឆ្នាំ​២០១៨​កើន​ដល់​១៥​នាក់ ​បន្ទាប់ពី​ព្យួរ​.​ក​មនុស្ស​ពីរ​នាក់​ពីបទ​ឃាតកម្ម​



រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​បាន​និយាយថា ប្រទេស​ជប៉ុន​បាន​ព្យួរ​.​ក​បុរស​ពីរ​នាក់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​មនុស្សឃាត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​ហេតុ​នាំ​ឲ្យ​ចំនួន​នៃ​ការប្រហារជីវិត​នៅ​ឆ្នាំនេះ​កើន​ដល់​១៥​នាក់​ស្មើនឹង​ចំនួន​ខ្ពស់បំផុត​ក្នុង​កំណត់ត្រា​។​

ជាមួយនឹង​អ្នកទោស​ជាង​១០០​នាក់​ដែល​មានទោស​ប្រហារជីវិត​, ជប៉ុន​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​តូច​ដែល​នៅតែ​រក្សា​ទោស​ប្រហារជីវិត​ហើយ​ការគាំទ្រ​ជា​សាធារណៈ​សម្រាប់​ការអនុវត្ត​នេះ​នៅតែមាន​ខ្ពស់​បើទោះបីជា​មានការ​រិះគន់​ពី​អន្តរជាតិ​រួមបញ្ចូល​ទាំងពី​ក្រុម​សិទ្ធិមនុស្ស​ក៏ដោយ​។​

រដ្ឋមន្ត្រី​បាន​បញ្ចេញ​ឈ្មោះ​បុរស​ដែល​ត្រូវបាន​ប្រហារជីវិត​ទាំងពីរ​នាក់​ថា​មានឈ្មោះ Keizo Kawamura អាយុ​៦០​ឆ្នាំ​និង Hiroya Suemori អាយុ​៦៧​ឆ្នាំ​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​សម្លាប់​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ម្នាក់​និង​បុគ្គលិក​ម្នាក់​កាលពី​ឆ្នាំ​១៩៨៨​។​

បន្ទាប់ពី​លួច​ប្រាក់​១០០​លាន​យ៉េន (​ស្មើនឹង​៩០០,០០០​ដុល្លារ​អាមេរិក​នាពេល​សព្វថ្ងៃ​), ពួកគេ​បាន​កប់​សាកសព​ទាំងពីរ​ក្នុង​បេតុង​នៅលើ​ភ្នំ​។ ការផ្តន្ទាទោស​ប្រហារជីវិត​ត្រូវបាន​សម្រេច​នៅ​ឆ្នាំ​២០០៤​។​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Takashi Yamashita បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​នេះ​គឺជា​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​ដែល​ធ្វើ​ឲ្យ​សង្គម​មានការ​ភ្ញាក់ផ្អើល​”​។​

លោក​រដ្ឋមន្ត្រី​ដែលជា​អតីត​ព្រះរាជអាជ្ញា​បាន​និយាយថា លោក​បាន​បញ្ជា​ឲ្យ​មានការ​ប្រហារជីវិត​នេះ​បន្ទាប់ពី​ការពិចារណា​យ៉ាង​យកចិត្តទុកដាក់​ហើយ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​ជប៉ុន​នឹងមិន​បញ្ឈប់​ការផ្តន្ទាទោស​ប្រហារជីវិត​នាពេល​ឆាប់ៗ​នេះ​ទេ​។​

គិត​មក​ត្រឹម​ពេលនេះ ប្រទេស​ជប៉ុន​បាន​ព្យួរ​.​ក​អ្នកទោស​ចំនួន​១៥​នាក់​នៅ​ឆ្នាំនេះ​ដែល​ស្មើនឹង​កំណត់ត្រា​ឆ្នាំ​២០០៨​ចាប់តាំងពី​ប្រទេស​នេះ​បានចាប់ផ្តើម​ប្រកាស​ជា​សាធារណៈ​អំពី​ការប្រហារជីវិត​ក្នុង​ឆ្នាំ​១៩៩៨​។​

ការព្យួរ​.​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានកើត​ឡើង​៥​ខែ​បន្ទាប់ពី​ប្រទេស​នេះ​បាន​អនុវត្ត​ការប្រហារជីវិត​លើ​សមាជិក​សាសនា​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយសារ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការវាយប្រហារ​ដោយ​ឧស្ម័ន​សារី​ន​ឆ្នាំ​១៩៩៥​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​តូ​ក្យូ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu