ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រើប្រាស់ដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីការពារការដកទ័ពចេញពីប្រទេសស៊ីរីនិងដើម្បីប្រកាសបញ្ចប់តួនាទីរបស់អាមេរិកជាប៉ូលិសសកលលោក។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកជាមួយកងទ័ពអាមេរិកនៅក្នុងតំបន់ជម្លោះមួយចាប់តាំងពីលោកបានជាប់ឆ្នោត។
លោក Trump បានទៅដល់នៅម៉ោង៧និង១៦នាទីយប់នៅឯមូលដ្ឋានអាកាស Al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ដោយអមដំណើរដោយភរិយារបស់គាត់ឈ្មោះ Melania ។
លោកប្រធានាធិបតីបាននិយាយទៅកាន់យោធាប្រហែល១០០នាក់ដែលភាគច្រើនជាកងទ័ពពិសេសនិងនិយាយដាច់ដោយឡែកជាមួយមេដឹកនាំយោធាមុនពេលចាកចេញនៅពីរបីម៉ោងក្រោយមក។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បាននិយាយថា កិច្ចប្រជុំតាមការគ្រោងទុកជាមួយនាយករដ្ឋមន្ត្រី Adel Abdel Mahdi ត្រូវបានលុបចោលនិងជំនួសវិញដោយការហៅទូរស័ព្ទ។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយថា ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទ លោក Trump បានអញ្ជើញលោក Abdel Mahdi ទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនហើយលោកបានទទួលយកការអញ្ជើញនេះ។
វីដេអូសេតវិមានបានបង្ហាញពីលោក Trump ចាប់ដៃជាមួយយោធា ចុះហត្ថលេខានិងថតរូបនៅឯមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ាក់។
ដំណើរទៅលើកទឹកចិត្តទាហានអាមេរិកនៅក្នុងតំបន់សង្គ្រាមគឺជាប្រពៃណីមួយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបន្ទាប់ពីការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។
លោក Trump បានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃដំណើរទស្សនកិច្ចក្នុងរយៈពេល២ឆ្នាំដំបូងនៃតំណែងជាប្រធានាធិបតីរបស់លោក។ ប៉ុន្តែការរំពឹងទុកបានកើនឡើងថា លោកនឹងធ្វើកាយវិការក្រោយពីផែនការដ៏ចម្រូងចម្រាសរបស់លោកក្នុងការកាត់បន្ថយកម្រិតកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងបញ្ជារបស់លោកឲ្យដកទ័ពចេញទាំងស្រុងពីប្រទេសស៊ីរី។
នៅឯមូលដ្ឋានយោធាអ៊ីរ៉ាក់ លោក Trump បានព្យាយាមនិយាយការពារគោលនយោបាយ “អាមេរិកជាចម្បង” របស់លោកក្នុងការដកទ័ពចេញពីសម្ព័ន្ធភាពពហុភាគីរួមទាំងអ្វីដែលជនជាតិអាមេរិកជាច្រើនមើលឃើញថា ហាក់ដូចជាសង្គ្រាមគ្មានទីបញ្ចប់នៃមជ្ឈឹមបូព៌ាផងដែរ។
លោកបាននិយាយថា “វាមិនសមរម្យទេដែលបន្ទុកធ្លាក់មកលើយើង។ យើងមិនចង់ឲ្យប្រទេសណាមួយកេងចំណេញលើយើងដោយប្រើយើងឬកងកម្លាំងរបស់យើងដើម្បីការពារពួកគេនោះទេ។ ពួកគេមិនបានចំណាយសម្រាប់វាឡើយដូច្នេះពួកគេត្រូវតែចំណាយ”៕ AFP
Source: Kampuchea Thmey Daily
0 Comments