Ad Code

ពាក្យបណ្តឹង​របស់​អាមេរិក​បាន​បន្ទោស​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ទៅលើ​យន្តហោះ “​គ្រោះថ្នាក់​” របស់​ក្រុមហ៊ុន Boeing



ក្រុមហ៊ុន​ច្បាប់​មួយ​របស់​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ពាក្យបណ្តឹង​មួយ​ដែល​ដាក់​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ​បាន​ស្តីបន្ទោស​ក្រុមហ៊ុន Boeing សម្រាប់​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air​នៅ​ជិត​ឆ្នេរសមុទ្រ​ឥណ្ឌូនេស៊ី​ដោយបាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅលើ​យន្តហោះ​។ ពាក្យបណ្តឹង​នេះ​អះអាងថា យន្ដហោះ​របស់​ក្រុមហ៊ុន​នេះ​គឺមាន​គ្រោះថ្នាក់​។​

ពាក្យបណ្តឹង​ដែល​ដាក់​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ទីក្រុង​នេះ​ដែលជា​មូលដ្ឋាន​របស់​ក្រុមហ៊ុន Boeing បាន​ចោទប្រកាន់ថា ប្រព័ន្ធ​សុវត្ថិភាព​របស់​យន្តហោះ​ដែលមាន​អាយុ​កាលពីរ​ខែ​នេះ​គឺ​មិនមាន​ភាពត្រឹមត្រូវ​ហើយ​អ្នកបើក​យន្តហោះ​មិនត្រូវ​បាន​ណែនាំ​ដោយ​ក្រុមហ៊ុន​អំពី​របៀប​ឆ្លើយតប​។​

ជើងហោះហើរ Flight 610 របស់​ក្រុមហ៊ុន Lion Air បាន​បាត់​ពី​រ៉ា​ដា​ក្នុង​រយៈពេល​១៣​នាទី​ក្រោយពេល​ហោះ​ចេញពី​ទីក្រុង​ហ្សា​ការ​តា​នៅ​ថ្ងៃទី​២៩​ខែតុលា​ដោយបាន​ធ្លាក់ចូល​ទៅក្នុង​ដែនទឹក​ជិត​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​កោះ​ជ្វា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​និង​បានសម្លាប់​មនុស្ស​ទាំងអស់​១៨៩​នាក់​ដែល​ជិះ​ក្នុងនោះ​។​

សាច់ញាតិ​ប្រហែល​៣០​នាក់​របស់​ជនរងគ្រោះ​នៃ​គ្រោះថ្នាក់​នេះ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ក្រុមហ៊ុន Boeing ដោយ​ចោទប្រកាន់ថា កំហុស​របស់​យន្តហោះ​ម៉ូ​ដែល​ថ្មី 737 MAX បាន​នាំ​ឲ្យ​មានការ​ស្លាប់​។​

ពាក្យបណ្តឹង​នៅ​ទីក្រុង​ឈី​កា​ហ្គោ​ត្រូវបាន​ដាក់ជំនួស​មុខ​ឲ្យ​ក្រុមគ្រួសារ​នៃ​អ្នកដំណើរ​ឈ្មោះ Sudibyo Onggo Wardoyo អាយុ​៤០​ឆ្នាំ​ក្នុង​ទីក្រុង​ហ្សា​ការ​តា​។​

មេធាវី​របស់​គ្រួសារ​ឈ្មោះ Thomas Demetrio បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យន្តហោះ Boeing មិន​ត្រឹមតែ​ដាក់​ឧបករណ៍​ចាប់​សញ្ញា​ដែល​ផ្តល់​ទិន្នន័យ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​មិនបាន​ផ្តល់​ឲ្យ​អ្នកបើកបរ​យន្តហោះ​នូវ​ការណែនាំ​គ្រប់គ្រាន់​ផងដែរ​”​។​

របាយការណ៍​បឋម​ពី​ទីភ្នាក់ងារ​សុវត្ថិភាព​ដឹកជញ្ជូន​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បានបង្ហាញ​ថា អាកាសយានិក​បាន​ព្យាយាម​គ្រប់គ្រង​ប្រព័ន្ធ​ប្រឆាំង​ការ​គាំងម៉ាស៊ីន​របស់​យ​ន្ត​ហោះ​ភ្លាមៗ​មុនពេល​ធ្លាក់​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រុមហ៊ុន Boeing នឹងមិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការកំណត់​ជាក់លាក់​នៃ​ពាក្យបណ្តឹង​នេះ​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu