Ad Code

កូរ៉េ ​ផ្ដល់​ឥណទាន​ទឹកប្រាក់​ជាង​៦៣​លាន​ដុល្លារ​អាមេរិក​ ឲ្យ​កម្ពុជា​



ភ្នំពេញ ​៖​ កូរ៉េ ​ផ្ដល់​ឥណទាន​ទឹកប្រាក់​ជាង​៦៣​លាន​ដុល្លារ​អាមេរិក​ ឲ្យ​កម្ពុជា ដើម្បី​លើកកម្ពស់​ទឹក​ស្អាត​នៅ​កម្ពុជា​កាន់តែ​​មាន​ប្រសិទ្ធភាព។

កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​នៃ​ប្រទេស​កម្ពុជា រាជធានី​ភ្នំពេញ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សេវា​ទីប្រឹក្សា​ នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ រវាង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Dohwa Engineering Co., Ltd ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង Dohwa Engineering Co., Ltd​។​

ក្រសួង​សាធារណការ​បាន​បញ្ជាក់​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា​​បានទទួល​ឥណទាន​ពី​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ សម្រាប់ ​​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​តាខ្មៅ ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង​៦៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​មាន​សមត្ថភាព​ចម្រោះ​ទឹកបាន​៧៦០០​ម៉ែត្រ​គីប​ ក្នុង​មួយថ្ងៃ និង​សាងសង់​ស្ថានីយ​បូម​ទឹក​ចំនួន​១០​ទីតាំង ដែល​មាន​សមត្ថភាព​អាច​បូម​បាន​២៩៩៥២​ម៉ែត្រ​គីប ក្នុង​មួយថ្ងៃ សាងសង់​បណ្ដាញ​លូ ស្តារ​ស្ទឹង​ប្រវែង​១៦,៣​គីឡូម៉ែត្រ និង​ស្តារ ស្ថានីយ​បូមទឹក​ដែល​មាន​ស្រាប់​ផង​ដែរ​។​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា ការចុះ​អនុស្សរណៈ ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​ប្រជាពលរដ្ឋ តាមរយៈ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ច្រោះ​ទឹក​កខ្វក់​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ លើកកម្ពស់​បរិស្ថាន​ដោយ​ការបង្កើត​ប្រព័ន្ធ​បណ្តាញ​លូ និង​ការតភ្ជាប់​បណ្តាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់ ស្ថានីយ​ប្រព្រឹត្ត​កម្ម ព្រមទាំង​អាច​ការពារ​ទឹកជំនន់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu