Ad Code

រដ្ឋមន្ត្រី​កសិកម្ម ស្នើ​ឲ្យ​ក្រុមហ៊ុន ស៊ី​.​អេ​.​ឌី​.​អាយ ប្រើប្រាស់​ផលិតផល​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ទឹកចិត្ត និង​កាត់បន្ថយ​ការនាំ​ចូល​



ព្រះវិហារ​ ៖​ លោក រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បាន ឲ្យ​ក្រុមហ៊ុន ពិនិត្យ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ផលិតផល​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការផលិត​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​។



​ការ​ស្នើ​សុំ​របស់ លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង នៅក្នុង​ឱកាស​ដែល លោក អមដំណើរ​ដោយ​លោក សុខ ពុទ្ធិ​វុ​ឌ្ឍ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ ចុះ​ពិនិត្យ​វឌ្ឍនភាព ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ហៅ​កាត់​ថា Mega Farm Cambodia របស់​ក្រុមហ៊ុន ស៊ី​.​អេ​.​ឌី​.​អាយ ខូ​ល​អិ​ល​ធី​ឌី លើ​ផ្ទៃដី​សរុប ៧ ៥២១​ហិកតា ស្ថិតនៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។



ក្រសួង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បានរៀបចំ​ផ្ទៃដី​ចំនួន ៣ ៩០០​ហិត​តា តា​សម្រាប់ធ្វើ​ការដាំដុះ​ដំណាំ​កសិកម្ម​ដូចជា​ពោត ដំឡូង​មី សណ្តែកសៀង និង​សណ្តែកខៀវ ដោយមាន​បុគ្គលិក​ចំនួន ៥៤​នាក់​បម្រើការ​ក្នុង​កសិដ្ឋាន​។ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយចំនួន​ក៏បាន និង​កំពុង​សាងសង់​ផងដែរ ដូចជា​ឃ្លាំង​ស្តុក​និង​សម្ងួត​ផលិតផល​កសិកម្ម ដែល​សាងសង់​អស់​ថវិកា​ជាង ៦​​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​អាច​ស្តុក​ផលិតផល​បាន​រហូតដល់​ទៅជា​ង ៥០ ពាន់​តោន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏បាន​វិនិយោគ​លើ​គ្រឿងយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​ដែលមាន​លទ្ធភាព​អាច​ប្រមូល​ផលដំណាំ​បាន​ជាង ២៤០​ហ​ត ក្នុង ១​ថ្ងៃ ស្នើ​និង​ជាង ១ ០០០​តោន​។ ដើម្បី​ធានាបាន​នូវ​គុណភាព និង​និរន្តរភាព​នៃ​ការដាំដុះ ក្រុមហ៊ុន​ក៏មាន​គម្រោង​រៀបចំ​សិក្សា​ស្រាវជ្រាវ​ផលិត​ពូជ​ដំណាំ​ដោយ​ខ្លួនឯង​ផងដែរ​។



ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​បាននឹងកំពុង​ធ្វើការ​ដាំ​ដុះ​ដំណាំ​ពោត និង​ដំឡូង​មី​បាន​ជាង ១ ១៥៥​ហ​ត ហើយ ២ ៤៥៤​ហិត​តា ទៀត​គឺ​រៀបចំ​សម្រាប់​ដាំ​ដំណាំ​សណ្តែកសៀង និង​សណ្តែកខៀវ​។ រីឯ​ការប្រមូល​ផល​ពី​ដំណាំ​ខាងលើ​វិញ គឺ​ទទួលបាន​ទិន្នផល​សរុប ១ ០៤៣​តោន ដែល​ក្នុងនោះ​បានធ្វើ​ការនាំចេញ​បាន​ជាង ៧០៥​តោន និង​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុងស្រុក​បាន​ប្រមាណ​ជា ៣៣៨​តោន​។



នា​ក្នុងឱកាស​ដ៏​អំណោយផល​នេះ លោក​រដ្ឋមន្ត្រី​បានធ្វើការ​ស្ងើចសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​គូស​បញ្ជាក់​ថា អ្វីដែល​ក្រុមហ៊ុន​បាននឹងកំពុង​អនុវត្ត​គឺ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម យ​ន្តុ​ពាណិជ្ជកម្ម​កសិកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម តាមរយៈ​ការប្រើប្រាស់​គ្រឿងយន្ត​ធុន​ធំ បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មី​ទំនើប ក៏ដូចជា​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​។



នា​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រុមហ៊ុន ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការផលិត​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​។ ជា​មួយ​គ្នា​នេះដែរ លោក រដ្ឋមន្ត្រី​ក៏​សង្ឃឹម​ផងដែរ​ថា វិស័យ​ឯកជន​ដទៃទៀត​ដែលមាន​លទ្ធភាព និង​សក្តានុពល​នឹងធ្វើ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ជា​លក្ខណៈ​ឧស្សាហកម្ម​និង​បំពាក់​ដោយ​បច្ចេកវិទ្យា និង​គ្រឿងយន្ត​ទំនើបៗ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu