ព្រះសីហនុ ៖ រថយន្តតូចធំចំនួន៤គ្រឿង បានបុកបន្តគ្នានៅលើផ្លូវជាតិលេខ៤ ត្រង់ចំនុចផ្លូវកាច់កោងជិតយាយម៉ៅពេជ្រនិល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ ដោយគ្រាន់តែរងរបួសតិចតួចតែប៉ុណ្ណោះ ក្នុងខណៈពេលដែលរថយន្តបើកបុកគ្នាទាំងនេះ បានរងការខូចខាតធ្ងន់ធ្ងរ។
ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះចន្លោះគីឡូម៉ែត្រ១០៧-១០៨ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចដែលចុះទៅការពារកន្លែងកើតហេតុ និងចុះបញ្ជាចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ បានឲ្យដឹងថា ករណីបង្កគ្រោះថ្នាក់រថយន្តបុកបន្តគ្នា៤គ្រឿងនេះ បើផ្អែកតាមការសន្និដ្ឋានជាជំហានដំបូងបានឲ្យដឹងថា មូលហេតុចម្បង ដោយសារតែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាបើកបរខ្វះការយោគយល់គ្នា។
សមត្ថកិច្ចបានឲ្យដឹងថា បើយោងតាមការសាកសួរព័ត៌មាននៅកន្លែងកើតហេតុ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-1958 បើកបរដោយ ឈ្មោះ មុយ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ភ្នំពេញ បើកក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្តនេះ បានបុកជាមួយរថយន្តម៉ាក HINO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ ៣A 8995 ( អ្នកបើកបររត់គេចបាត់) បើកក្នុងទិសដៅស្របគ្នា។ ភ្លាមៗនោះ រថយន្តHighlander បានreចង្កូតមកឆ្វេងដៃ ហើយទៅបុកជាមួយរថយន្តម៉ាកFuso ពណ៌ត្រួយចេក លាយខៀវ ពាក់ស្លាកលេខភ្នំពេញ៣A 5956 (ផ្ទុកកុងតឺន័រក្រុមហ៊ុនអ៊ុយញ៉ុង) បើកបរដោយ ឈ្មោះ យ៉ូង បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទិសដៅផ្ទុយគ្នា។ បន្ទាប់មករថយន្ត Hino ក៏បានជ្រុលចង្កូតមកឆ្វេងដៃដូចគ្នា ហើយក៏ទៅបុកជាមួយរថយន្តsienna ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AJ 0511 បើកបរដោយ ឈ្មោះ ឈិត សុភី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ទិសដៅផ្ទុយគ្នា)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចុះការពារ និងស្ទូចរថយន្តយកទៅរក្សាទុកនៅក្នុងអង្គភាព ដើម្បីដោះស្រាយតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments