Ad Code

គ​.​ជ​.​ប រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការបិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត​និង​ការ​ចុះឈ្មោះ​បោះឆ្នោត



ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការ​បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត មុនពេល​ចុះឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ការបញ្ជាក់​តាម​ឋានានុក្រម និង​ការ​បញ្ជូនមក គ​.​ជ​.​ប។

កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​សាលសន្និសីទ​សារព័ត៌មាន​ជាន់​ទី​១ របស់ គ​.​ជ​.​ប ដែល​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​អង្គប្រជុំ ​ហើយ​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន តំណាង​ក្រុម​ប្រឹក្សាធម្មនុញ្ញ តំណាង​ព្រឹទ្ធសភា និង​រដ្ឋសភា តំណាង​ក្រសួង​ពាក់ព័ន្ធ តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាង​ស្ថានទូត​ជប៉ុន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។​



ថ្លែង​ទៅកាន់​អង្គប្រជុំ លោក ហ៊ែ​ល សារ៉ាត់ បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​អំពី​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ ទីតាំង​ការិយាល័យ​បោះឆ្នោត ក្នុង​គោលដៅ​រៀបចំ​បញ្ជី​បោះឆ្នោត សម្រាប់​ការិយាល័យ​បោះឆ្នោត ក្នុង​ក្រុង ស្រុក ខណ្ឌ នីមួយៗ។

តាម​លោក ហ៊ែ​ល សារ៉ាត់ មានការ​ងារ​ពីរ​ដែល គ​.​ជ​.​ប ត្រូវ​រៀបចំ​ចាត់ចែង​ក្នុងការ​ត្រៀម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ដែល​ការងារ​នោះ​រួមមាន ទី​១. ការងារ​បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត ក្នុង​គោលបំណង​រៀបចំ​បញ្ជី​បោះឆ្នោត​ដែល​ត្រូវធ្វើ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ នៅ គ​ធ​/​ខ​ប និង​នៅ​សាលប្រជុំ​ឃុំ សង្កាត់ ទូទាំងប្រទេស និង​មានការ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​គជប​ផងដែរ។ ទី​២. ដោយសារ​ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​អសកល គឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ដែលជា​អ្នកបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ដូច្នេះ​ការចុះឈ្មោះ​បោះឆ្នោត គឺត្រូវធ្វើ​នៅ​សាលប្រជុំ​ឃុំ សង្កាត់ តាមរបៀប​ស្រង់​ឈ្មោះ​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​ឋានានុក្រម​មក គ​.​ជ​.​ប​។ កាលបរិច្ឆេទ នៃ​ការចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩៕

 


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu