ការិយាល័យប្រចាំទីក្រុងញូវយ៉ករបស់ទូរទស្សន៍ CNN បានជម្លៀសមនុស្សចេញកាលពីយប់ថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកមួយប៉ុន្តែមិនមានគ្រឿងផ្ទុះត្រូវបានគេរកឃើញទេ។
ឈុតឆាករយៈពេលប្រហែល៩០នាទីនេះបានធ្វើអោយគេនឹកឃើញដល់ការជម្លៀសស្រដៀងគ្នានេះកាលពីខែតុលាបន្ទាប់ពីឧបករណ៍ផ្ទុះមួយត្រូវបានគេរកឃើញនៅឯទីស្នាក់ការកណ្តាល របស់ទូរទស្សន៍ CNN នៅក្នុងទីក្រុងញូវយ៉ក។
CNN បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា កណ្តឹងប្រកាសអគ្គិភ័យបានបន្លឺឡើងនៅក្នុងបន្ទប់ព័ត៌មានដើម្បីផ្តល់សញ្ញាអោយជម្លៀសមនុស្សភ្លាមៗក្រោយម៉ោង១០:៣០យប់។
នាយកដ្ឋានប៉ូលិសក្រុងញូវយ៉កបានបង្ហោះ Twitter ថា “ដោយសារតែប៉ូលិសកំពុងស៊ើបអង្កេតនៅ Columbus Circle, ផ្លូវលេខ៥៨ប៉ែកខាងលិចដែលស្ថិតនៅចន្លោះផ្លូវលេខ៨និងលេខ៩គឺត្រូវបិទចំពោះចរាចរណ៍យានយន្តនិងអ្នកថ្មើរជើង។ សូមចៀសវាងតំបន់នេះ”។
នៅប្រហែលពាក់កណ្តាលអធ្រាត្រ CNN បាននិយាយថា ប៉ូលិសបានបោសសម្អាតហើយបញ្ជាក់អោយមនុស្សត្រឡប់ចូលក្នុងអគារវិញ។
ការិយាល័យនេះធ្លាប់ត្រូវបានជម្លៀសកាលពីខែតុលាបន្ទាប់ពីកញ្ចប់មួយដែលមានឧបករណ៍ផ្ទុះត្រូវបានគេរកឃើញ។
ទូរទស្សន៍ CNN ត្រូវបានកំណត់គោលដៅចំពេលមានរលកនៃគ្រាប់បែកបំពង់ដែលត្រូវបានបញ្ជូនទៅអោយគូប្រជែងរបស់លោកប្រធានាធិបតី Donald Trump ។
បុរសម្នាក់នៅរដ្ឋ Florida ឈ្មោះ Cesar Sayoc ត្រូវបានចាប់ខ្លួនពីបទបញ្ជូនគ្រាប់បែកបំពង់ហើយត្រូវបានគេចោទប្រកាន់ចំនួន៣០ករណី។ គាត់ប្រឈមមុខនឹងការជាប់គុកអស់មួយជីវិតប្រសិនបើត្រូវបានផ្តន្ទាទោស៕ AFP
Source: Kampuchea Thmey Daily
0 Comments