ទីក្រុងប៉ារីសនឹងបង្ហាញជញ្ជាំងកញ្ចក់ធន់នឹងគ្រាប់កាំភ្លើងយ៉ាងក្រាស់និងរបងដែកនៅជុំវិញប៉ម Eiffel ដែលបានរចនាឡើងដើម្បីការពារវិមានដ៏ល្បីល្បាញបំផុតរបស់បារាំងមួយនេះពីការវាយប្រហារភេរវកម្ម។
វិធានការបង្កើនសន្ដិសុខដែលបានសាងសង់តាំងពីឆ្នាំមុនមកមួយនេះគឺបានធ្វើឡើងខណៈដែលប្រទេសបារាំងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយពួកជីហាដដែលបានសម្លាប់មនុស្សជាង២៤០នាក់ចាប់តាំងពីឆ្នាំ២០១៥មក។
ជញ្ជាំងថ្មីនេះគឺជាផ្នែកមួយនៃវិធានការសន្តិសុខដែលចំណាយទឹកប្រាក់អស់ជិត៤០.៧លានដុល្លារអាមេរិកហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកក្កដា។
ជញ្ជាំងកញ្ចក់ដែលមានកម្រាស់៦.៥សង់ទីម៉ែត្រមួយនេះនឹងដាក់នៅតាមបណ្តោយមហាវិថី Quai Branly នៃមាត់ទន្លេនិងវិមាន Gustave Eiffel ដែលពុះចែកប៉មនេះពីឧទ្យាន។
លោក Bernard Gaudillere ប្រធានក្រុមហ៊ុន SETE ដែលគ្រប់គ្រងប៉ម Eiffel បានឲ្យដឹងថា ជញ្ជាំងដែលធន់នឹងគ្រាប់កាំភ្លើងនិងធន់ទ្រាំនឹងការវាយប្រហារដោយរថយន្តមួយនេះគឺជា “ថ្មដ៏រឹងមាំសម្រាប់សុវត្ថិភាព”។
លោក Gaudillere បាននិយាយថា ក្រុមរបស់គាត់បានធ្វើការជាមួយប៉ូលិសដើម្បីសម្រេចថាតើត្រូវធ្វើដូចម្តេចដើម្បីការពារវិមាននេះ។
អ្នកទេសចរដែលមកទស្សនាទីតាំងនេះកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ពួកគេមានការជឿទុកចិត្តចំពោះវិធានការថ្មីនេះ។ ពួកគេនៅតែនឹកដល់ការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាម នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៤ដែលសម្លាប់មនុស្ស១៣០នាក់។
ដូចជាតំបន់ទេសចរណ៍បារាំងដទៃទៀតដែរ ប៉មនេះត្រូវបានល្បាតជាទៀងទាត់ដោយកងទ័ពប្រឆាំងនឹងភេរវកម្ម។
ជញ្ជាំងនេះគឺជាផ្នែកមួយនៃការកែប្រែឡើងវិញទឹកប្រាក់៣០០លានអ៊ឺរ៉ូនៃប៉ម Eiffel ខណៈដែលភាគច្រើននៃការងារនេះនឹងត្រូវបញ្ចប់មុនការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ក្នុងទីក្រុងប៉ារីស៕ AFP
Source: Kampuchea Thmey Daily
0 Comments