កំពង់ចាម ៖ បុរសចំណាស់ម្នាក់ ដោយឃ្លានត្រីពេក បានចេញពីផ្ទះដោយយកឧបករណ៍ច្នៃប្រឌិតសម្រាប់ឆក់ត្រី តែមិនបានឆក់ត្រីផង ក៏ឆក់ខ្លួនឯងស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចបឹងម្ហាច ស្ថិតក្នុងភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាមថា មានករណីឆក់ចរន្ត អគ្គិសនី(ឧបករណ៍ឆក់ត្រី)បណ្តាលឲ្យស្លាប់ដោយខ្លួនឯង។
ប៉ូលិសបានបន្តថា ករណីនេះបង្កដោយជនរងគ្រោះឈ្មោះ សេក សន ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ចុះដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មាធិការ ត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ។
ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសពផ្នែកដងខ្លួន ជនរងគ្រោះមានស្លាកស្នាមខ្លោចនៅកំភួនដៃខាងស្តាំ ១កន្លែង និងស្លាកស្នាមខ្លោចនៅ កដៃខាងឆ្វេង ១កន្លែង។
ផ្អែកតាមការធ្វើកោសល្យវិច័យ តាមការបំភ្លឺរបស់គ្រួសារសព និងសាក្សី មួយចំនួន សមត្ថកិច្ចបានសន្និដ្ឋានបានថា សពឈ្មោះសេក សន ពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី(ឧបករណ៍ឆក់ត្រី) ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments