Ad Code

លោក Trump រង​ពាក្យបណ្តឹង​ចំពោះ “​ការប្រព្រឹត្តិ​ខុសច្បាប់​” នៃ​មូលនិធិ​គ្រួសារ



លោក​ប្រធានាធិបតី Donald Trump, កូនប្រុស​និង​កូនស្រី​របស់គាត់ ​គឺ​ត្រូវ​រង​ការចោទប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ពីបទ​ប្រ​ព្រឹ​ត្ដ​ខុសច្បាប់​ក្នុង​មូលនិធិ​គ្រួសារ​របស់​ពួកគេ​នៅក្នុង​បណ្តឹង​មួយ​ដែល​ចោទប្រកាន់ថា លោក Trump បាន​ប្រើប្រាស់​មូលនិធិ​សប្បុរសធម៌​មិន​ត្រឹមត្រូវ​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​គ្រប់យ៉ាង​ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់​។​

ពាក្យបណ្តឹង​ដែល​ដាក់​ដោយ​អគ្គមេធាវី​រដ្ឋ​ញូវយ៉ក​លោកស្រី Barbara Underwood គឺ​បាន​ចោទប្រកាន់​មូលនិធិ Donald J. Trump ពាក់ព័ន្ធ​ការសម្របសម្រួល​នយោបាយ​ខុសច្បាប់​យ៉ាង​ទូលំទូលាយ​ជាមួយ​យុទ្ធនា​ការឃោសនា​របស់​គណបក្ស​សាធារណរដ្ឋ​ឆ្នាំ​២០១៦​ និង​ការធ្វើ​ប្រតិបត្តិការ​ម្តង​ហើយ​ម្តងទៀត​ និង​ដោយ​ចេតនា​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​បុគ្គល​ផ្ទាល់ខ្លួន​និង​ផល អាជីវកម្ម​របស់លោក Trump​។ វា​គឺជា​ការបំពានច្បាប់​គ្រប់គ្រង​មូលនិធិ​មិន​រកប្រាក់​ចំណេញ​។​

យោងតាម​ពាក្យបណ្តឹង​បាន​បង្ហាញថា មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ​បាន​ប្រើប្រាស់​មូលនិធិ​នេះ​ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង ផ្សព្វផ្សាយ​សណ្ឋាគារ​រប​ស់​គាត់​និង​សម្រាប់​ការចំណាយ​ផ្ទាល់ខ្លួន​រួមទាំង​ការទិញ​រូបភាព​ដែល​ត្រូវ​បានដាក់​នៅលើ​ជញ្ជាំង​នៃ​ក្លឹប​វាយ​កូន​ហ្គោល​មួយ​របស់គាត់​ផងដែរ។​

ពាក្យបណ្តឹង​រដ្ឋប្បវេណី​ដែល​បានដាក់​ក្នុង​ថ្ងៃ​ខួប​គំរប់​អាយុ​៧២​ឆ្នាំ​របស់លោក Trump នេះ​គឺ​បានបង្ហាញ​ពី​វិវាទ​ថ្មី​បន្ថែមទៀត​ចំពោះ​វិវាទ​ដែល​សេត​វិមាន​កំពុង​ប្រឈមមុខ​ដោយ​រាប់បញ្ចូល​ពី​ពាក្យបណ្តឹង​របស់​ស្ត្រី​ពីរ​នាក់​ដែល​អះអាង​ពី​រឿងអាស្រូវ​ជាមួយ​លោក Trump ទៅដល់​ការស៊ើបអង្កេត​ដ៏​ធំ​ទូលាយ​ចូលក្នុង​ទំនាក់ទំនង​យុទ្ធនាការ​របស់គាត់​ជាមួយ​រុស្ស៊ី​និង​ការរាំងស្ទះ​ដោយ​មេធាវី​ពិសេស​លោក Robert Mueller ។​

ប៉ុន្តែ​ខណៈពេលដែល​មានការ​គំរាមកំហែង​នៃ​ការពិន័យ​ផ្នែក​ហិរញ្ញវត្ថុ​រាប់លាន​ដុល្លារ​និង​ការបិទ​មូលនិធិ​សប្បុរសធម៌​នេះនោះ​, សំណុំរឿង​រដ្ឋ​ញូវយ៉ក​នេះ​ទំនងជា​មិន​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ប្រធានាធិបតី​ឬ​កូនៗ​របស់គាត់​នោះទេ​។​

លោក Trump បានចាត់ទុក​ពាក្យបណ្តឹង​នេះ​ថា​ជា “​ករណី​គួរ​ឲ្យ​អស់សំណើច​” ដែល​ត្រូវបាន​ធ្វើឡើង​ដោយ “​អ្នកប្រជាធិបតេយ្យ​រដ្ឋ​ញូវយ៉ក​គួរ​ឲ្យ​ស្អប់ខ្ពើម​” និង​បាន​បង្ហាញថា គាត់​នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​រឿងនេះ​។​
​ពាក្យបណ្តឹង​នេះ​បានលើកឡើង​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ចំពោះ​លោក​ប្រធានាធិបតី​នៅពេលដែល​គាត់​ទើបតែ​ត្រឡប់​មកពី​កិច្ចប្រជុំ​កំពូល​មួយ​ក្នុងប្រទេស​សិង្ហ​បុរី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​ដែល​សេត​វិមាន​សង្ឃឹមថានឹង​នាំ​ឲ្យ​លោក​គីម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​គាត់​។​

ពាក្យបណ្តឹង​នេះ​បានដាក់​ឈ្មោះ​លោក​ប្រធានាធិបតី​, កូនប្រុស​ឈ្មោះ Donald Trump Jr. និង Eric Trump និង​កូនស្រី​ឈ្មោះ Ivanka Trump ដែលជា​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu