បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តបើករេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងផ្លូវបំបែកទៅបឹងត្រកួន លើផ្លូវជាតិលេខ៥៦A ស្ថិតក្នុងភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ដុំ វិចិត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានរថយន្តម៉ាក TOYOTA VI GO ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AD-6892 អ្នកបើករថយន្តមានឈ្មោះ ចន សៀង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បើកច្រាសទិសគ្នាពីជើងមកត្បូង លុះបើមមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតទៅបុកម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកមានឈ្មោះ អៀម សំ អឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ ផ្សាថ្មី ឃុំគំរូ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ចំពេញពីមុខបណ្តាលឲ្យរបួសធ្ងន់។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុកថ្មពួកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments