Ad Code

របាយការណ៍ UN​ ៖​ ផ្នែក​ខ្លះ​នៃ​មី​ស៊ី​ល​របស់​យេ​មែន​ ដែ​ល​បាញ់​ដាក់​អារ៉ាប៊ីសាអ៊ូឌីត​ គឺ​ត្រូវបាន​ផលិតឡើង​ដោយ​អ៊ីរ៉ង់​



យោង​តាម​របាយការណ៍​សម្ងាត់​មួយ​របស់​អង្គការសហប្រជាជាតិ​ ដែល​ត្រូវបាន​មើលឃើញ​ដោយ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​មី​ស៊ី​ល​ចំនួន​ប្រាំ​គ្រាប់​ដែល​បាញ់​ដាក់​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​ពួក​ឧទ្ទាម Huthi យេ​មែន​គឺ​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ ប៉ុន្តែ​មន្ត្រី UN មិនអាច​កំណត់​ពី​ពេលវេលា​ដែល​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​យេ​មែន​បានទេ។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​របាយការណ៍​១៤​ទំព័រ​ថា បំណែក​ចេញពី​មី​ស៊ី​ល​ដែល​បាន​បាញ់​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៧​មក​គឺ​រួមមាន​លក្ខណៈពិសេស​នៃ​ការ​រចនា​សំខាន់ៗ​ជាមួយ​មី​ស៊ី​ល​មួយ​ប្រភេទ​ដែល​គេ​ដឹងថា​ផលិត​ដោយ​អ៊ីរ៉ង់​។​

របាយការណ៍​ដែល​ត្រូវបាន​បញ្ជូនទៅ​ក្រុមប្រឹក្សា​កាលពី​ថ្ងៃ​អង្គារ​មួយ​នេះ​បាន​បន្ថែមថា “​បំណែក​ខ្លះ​នៃ​កម្ទេចកម្ទី​គឺ​ត្រូវបាន​ផលិត​នៅ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​” ប៉ុន្តែ​វា​នៅតែ​មិន​ច្បាស់​ថា​តើ​ការផ្ទេរ​នេះ​គឺជា​ការរំលោភ​លើ​ការ​រឹតបន្តឹង​របស់​អង្គការសហប្រជាជាតិ​ដែរ​ឬក៏​អត់​។​
​មន្ត្រី UN មិនអាច​កំណត់​បានទេ​ថា​តើ​ពេលណា​ដែល​មី​ស៊ី​ល​នេះ​ត្រូវបាន​ផ្ទេរ​ចេញពី​អ៊ីរ៉ង់​។​

ការរកឃើញ​នេះ​អាច​បញ្ជាក់​ពី​ការអះអាង​របស់​ក្រុម​អ្នកឯកទេស UN ដែល​បាន​រាយការណ៍​កាលពី​ខែមករា​ថា អ៊ីរ៉ង់​បាន​រំលោភ​លើ​បំរាម​ដឹកជញ្ជូន​អាវុធ​ទៅ​ឲ្យ​ប្រទេស​យេ​មែន​និង​មិនអាច​ទប់ស្កាត់​ការផ្គត់ផ្គង់​មី​ស៊ី​ល​បាន​។​

របាយការណ៍​នេះ​អាច​ដោះស្រាយ​ការបរាជ័យ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ​ប្រឆាំងនឹង​អ៊ីរ៉ង់​លើ​ការផ្ទេរ​អាវុធ​ខុសច្បាប់​ទៅ​ឲ្យ​យេ​មែន​និង​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​។​

ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការបំពាក់​អាវុធ​ដល់​ក្រុម Huthi បើទោះបីជា​មានការ​ចោទប្រកាន់​ពី​សហរដ្ឋអាមេរិក​និង​អារ៉ាប៊ីសាអ៊ូឌីត​ថា មី​ស៊ី​ល​ដែល​បាន​បាញ់​ដាក់​លើ​ទីក្រុង​រី​យ៉ា​ដ​និង​ទីក្រុង​អារ៉ាប់​ផ្សេងទៀត​ត្រូវបាន​ផលិតឡើង​ដោយ​អ៊ីរ៉ង់​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu