Ad Code

MCL 2018 ៖​ អាស៊ី​អឺរ៉ុប ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ទ័ព​ទទួល​សូល​ទី​ឡូ​អង្គរ និង​ប៉ូលីស​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ



ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 (MCL 2018) នឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​សប្ដាហ៍​ទី​១០​ហើយ​ នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ មានការ​ប្រកួត​ចំនួន​៣​គូ​គឺ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ប៉ះ​ក្រម​អង្គ​រថា​យ​ហ្គឺ​រ​។



*​អាស៊ី​អឺរ៉ុប ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង​
​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប នឹង​បើកទ្វា​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​ទទួល​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣​រសៀល​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី នឹងធ្វើ​ការផ្សាយ​ផ្ទាល់ពី​ការប្រកួត​នេះ​ផងដែរ​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ដោយ​ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៧​បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​៩​លើក ឈ្នះ​បាន​៣​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៣​លើក មាន​១២​ពិន្ទុ​ក្នុង​ដៃ​។ ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ក្រោយ​រក​គ្រាប់​បាន​១៣​គ្រាប់​ម្នាក់ឯង​កន្លងមក​នេះ​។

​ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​ជួប​បញ្ហា​រឿង​កីឡាករ​របួស​និង​កីឡាករ​សំខាន់ៗ​ជាប់​ពិន័យ​ពី​សំណាក់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាល​ពី​ពេល​កន្លងទៅ​។ លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុងតែ​ឈឺក្បាល​រឿង​លទ្ធផល​មិនសូវ​ល្អ​របស់​ក្រុម​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ជាពិសេស​គឺ​ក្រុម​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៩​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៣​លើក​ស្មើគ្នា​២​លើក​និង​ចាញ់​៤​លើក​។

*​ក្រសួងការពារជាតិ ជួប​សូល​ទី​ឡូ​អង្គរ
ក្រុម​ក្រសួងការពារជាតិ ត្រូវ​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) វេលា​ម៉ោង​៦​ល្ងាច​។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា នឹង​ផ្សាយ​ផ្ទាល់​ពី​ការប្រកួត​នេះ​ផងដែរ​។ ក្រសួងការពារជាតិ នឹង​អវត្តមាន​គ្រូបង្វឹក លោក ភា សុភ​ត្រា និង​កីឡាករ​បរទេស​២​នាក់​ផ្សេងទៀត ក្នុងការ​ប្រកួត​នេះ​ដោយសារ​ជាប់​ពិន័យ​និង​រងរបួស​។ ៩​ប្រកួត​មកនេះ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​បាន​៥​លើក និង​ចាញ់​៤​លើក ឈរ​លេខ​៤ បណ្តោះអាសន្ន​។

​ចំណែក​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​ក្រោម​ការដឹកនាំ​ពី​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda ជា​គ្រូ​បង្គោល​ប្រចាំ​ក្រុម​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហបុរី​។ ៩​ប្រកួត​កន្លងមក​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​បាន​២​លើក ស្មើគ្នា​២​លើក​និង​ចាញ់​ដល់​ទៅ​៥​លើក ខណៈ​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ពិតជា​ចាំបាច់​ក្នុង​ការរក​ពិន្ទុ​បន្ថែម​ដើម្បី​គេចផុត​ពី​តំបន់​បាត​តារាង​ផងដែរ​។



*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នឹងត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច ខណៈ​ការប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News​។ ក្រុម​ប៉ូលីស​កំពុង​ឈរ​លេខ​៦ ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៤​លើក ស្មើគ្នា​២​លើក​និង​ចាញ់​៣​លើក​។ លោក នុត សូ​នី គ្រូបង្វឹក​ក្រុម​នេះ​រំពឹងថា ​កូនក្រុម​នឹងធ្វើ​បានល្អ​បន្ថែម​ទៀត​ក្នុង​ប្រកួត​នៅពេល​ខាងមុខៗ ស្រប​ពេល​មាន​កីឡាករ​ស្ទើរតែ​ពាក់កណ្ដាល​ក្រុម ទើបតែ​បញ្ចប់​បំពេញ​កាតព្វកិច្ច​នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​។

ចំពោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឆ្លងកាត់​ប្រកួត​៩​លើក​មកនេះ​ឈ្នះ​បាន​៣ លើក​ស្មើគ្នា​បាន​២​លើក និង​ចាញ់​៤​លើក​មាន​១១​ពិន្ទុ​។ ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក Oriol Mahedano ដែលជា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A licence ដែល​មាន​សមាជិក​២៥​នាក់​។ លោក Akihiro Kato ដែល​ជា​ប្រធាន​ក្លិប​បាន​ដាក់​គោលដៅ​យក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំ​២០២០ ក្លិប​ចង់​ប្រជែង​យក​ជើងឯក​។

​សម្រាប់​កម្មវិធី​ប្រកួត​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​១០​នេះ​នឹង​បន្តធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ដោយ​ក្រុម​វិសាខា ប៉ះ​បឹងកេត វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​ផ្ទាល់​តាម BTV News ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​អគ្គីសនី​កម្ពុជា វេលា​ម៉ោង​៦​ល្ងាច មាន​ផ្សាយ​ផ្ទាល់​តាម​ផេ​ក​កម្ពុជា និង​ក្រុម​ណាហ្គា​វើ​ល ជួប​វេ​ស្ទើ​ន​ភ្នំពេញ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋានជាតិ​ មាន​ផ្សាយ​តាម​ផេក​របស់ CNCC៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu