កំពង់ឆ្នាំង ៖ ថវិកាចំនួន១២.១៤៧.៥០០រៀល និងកន្ទេលក្រហមចំនួន៣០ ត្រូវបានលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមដំណើរដោយលោក ចេង ញ៉ាន់ លោក អ៊ុន សំអុល លោក ស៊ុន សុវណ្ណរិទ្ធ លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តបាននាំយកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារញ្ញការាម ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដើម្បីកសាងកុដិថ្មមួយខ្នងកំពស់២ជាន់ មានទទឹង១៤ម៉ែត្រ និងបណ្តោយ១៩ម៉ែត្រសម្រាប់ប្រើប្រាស់និងគង់នៅ។
លោក អម សុភា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ថវិកាមានចំនួន១២.១៤៧.៥០០រៀល គឺជាថវិការបស់លោក ឈួរ ច័ន្ទឌឿន និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញខេត្តនិងសប្បុរសជន ដើម្បីប្រគេនព្រះសង្ឃនិងគណៈកម្មការវត្តសម្រាប់កសាងកុដិក្នុងវត្ត និងកន្ទេលចំនួន៣០សម្រាប់ប្រើប្រាស់ក្នុងវត្តអារញ្ញការាមផងដែរ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាទាំង៣ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានខិតខំលះបង់កម្លាំងកាយចិត្តស្វែងសុខសន្តិភាពជូនប្រជាជនកម្ពុជា និងបានចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រនៅក្នុងទូទាំងប្រទេស។
លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់គណៈកម្មការវត្តទាំងអស់ត្រូវរួមសហការសាមគ្គីគ្នាឲ្យបានជិតស្និទ្ធដើម្បីកសាងសមិទ្ធផលនានានៅក្នុងវត្ត ជាពិសេសកុដិថ្មមួយខ្នងនេះឲ្យឆាប់ ហើយ សម្រាប់ទុកឲ្យព្រះសង្ឃគង់ស្នាក់នៅ និងសម្រាប់ទុកឲ្យព្រះសង្ឃជំនាន់ក្រោយបានគង់ស្នាក់នៅបន្តទៀត ដែលសមិទ្ធផលទាំងអស់នេះគឺជាបេតិកភណ្ឌរួមរបស់វត្តរហូតតទៅ៕ ( ឈៀង ថារិទ្ធ )
0 Comments