ភ្នំពេញ ៖ សិក្ខាសាលានេះបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្ដាខណ្ឌនីមួយៗ ដោយឡែកខណ្ឌ៧មករា បានបើកសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ខណ្ឌឆ្នាំ២០១៤ សម្រាប់អនុវត្តនៅឆ្នាំ ២០១៥ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក ត្រាក់ ថៃសៀង អភិបាលរង រាជធានី រួមនិងប្រធានក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ៧មករា និងចៅសង្កាត់ទាំង៨ក្នុងខណ្ឌ ៧មករា។ នៅក្នុងគម្រោងសកម្មភាពជាអាទិភាពរបស់សង្កាត់ទាំង៨ក្នុងខណ្ឌ៧មករា ឆ្នាំ២០១៤ បានផ្ដោតលើ៥ផ្នែក មានផ្នែក សេដ្ឋកិច្ច, សង្គមកិច្ច ផ្នែកធនធានធម្មជាតិ និងបរិស្ថាន ផ្នែកសេវាកម្មរដ្ឋបាល សន្តិសុខ និងផ្នែកយេនឌ័រ។ លោក លីម សុភា គណៈអភិបាលខណ្ឌ៧មករា បានមានប្រសាសន៍ថា សាលាខណ្ឌ៧មករាបានរៀបចំសិក្ខាសាលាសមាហរណកម្ម ក្នុងគោលបំណងបង្ហាញអំពី ១.ការផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិលខណ្ឌឆ្នាំ២០១៥-២០១៧ សម្រាប់អនុវត្តឆ្នាំ២០១៥។ ២.ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់សង្កាត់សម្រាប់អភិវឌ្ឍន៍ឆ្នាំ២០១៥ ។ ៣.ស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។ លោកបន្តថា សិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌសម្រាប់អនុវត្តឆ្នាំ២០១៥ បានធ្វើរួមគ្នាជាមួយសមាហរណកម្មនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ២០១៥ -២០១៧ ហើយការរៀបចំនេះស្របទៅតាមគោលការណ៍ណែនាំរបស់ គ.ជ.អ.ប ដែលតម្រូវឲ្យធ្វើរួមគ្នាតែមួយ។ លោកអភិបាលខណ្ឌលើកឡើងទៀតថា ចំពោះការអនុវត្តគម្រោងកន្លងឆ្នាំមកនេះ គម្រោងមួយចំនួនរបស់ខណ្ឌ និងសង្កាត់បានអនុវត្តហើយទទួលបានជោគជ័យ ក៏ដោយសារមានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន។ លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានី មានប្រសាសន៍បិទក្នុងសិក្ខាសាលាដោយបានផ្តល់នូវអនុសាសន៍ និងការណែនាំមួយចំនួន ពិសេសដល់បណ្ដាអង្គភាពមន្ទីរជំនាញ អង្គការសង្គមស៊ីវិល អ្នកដែលជាដៃគូអភិវឌ្ឍន៍ ហើយបានជួយគាំទ្របណ្ដាគម្រោងអភិវឌ្ឍន៍នានារបស់ខណ្ឌ និងសង្កាត់ ព្រមទាំងបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នរួចហើយ សូមរៀបចំបញ្ចូលគម្រោងដែលបានគាំទ្រទៅក្នុងផែនការសកម្មភាពរបស់អង្គភាពនីមួយៗ និងអនុវត្តតាមផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់ និងតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលបានចុះហត្ថលេខារួច។ ការអនុវត្តគម្រោងដែលបានគាំទ្រ ត្រូវមានការសហការណ៍ និងពិភាក្សាបន្ថែមទៀតជាមួយតាមបណ្ដាខណ្ឌ សង្កាត់ និងខិតខំអនុវត្តឲ្យបានទាន់ពេលវេលាកំណត់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន៕
កញ្ញា វ៉ាត
0 Comments