Ad Code

ដំណាំ​ស្លឹក​ខ្ទឹម​មាន​ការ​ដាំដុះ​ច្រើន​ក្នុង​ស្អាង​


កណ្ដាល ៖ ស្លឹក​ខ្ទឹម​ដោយ​ការ​ដាំ​ដុះ​ពី​មើម​ខ្ទឹម​ដែល​ប្រជាកសិករ​យើង​បាន​បន្សល់ទុក​នៅ​គ្រា​ដែល​មើម​ខ្ទឹម​ចាស់​ទៅ​ដើម្បី​ត្រៀម​ទុក​ពូជ​បន្ត​ទៅ​ឆ្នាំ​មួយទៀត។​

លោក អ៊ុ​ល ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មាន​របរ​ជា​អ្នក​ដាំ​ស្លឹក​ខ្ទឹម​នេះ​ដាំ​អស់​ជាង​១០​ឆ្នាំ​មក​ហើយ ដោយសារ​គ្រួសារ​គាត់​គ្មាន​ដី​ធ្វើស្រែ​នឹង​គេ​ទើប​នាំ​គ្រួសារ​ចាប់​យក​មុខរបរ​ជា​អ្នក​ដាំ​ស្លឹក​ខ្ទឹម​ជា​រៀង​រហូត​មក។ នៅក្នុង​ទំហំ​ក្បាលដី​ដាំ​ដុះ​៤០​ម៉ែត្រ បណ្តោយ​១០០​ម៉ែត្រ​ លើក​ជា​រង​ថ្នាល​ដូចជា​ការ​ដាំ​ស្ពៃ​អញ្ចឹង​ដែរ តែ​ការ​ដាំ​ស្លឹក​ខ្ទឹម​មិនសូវ​ជា​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​ជី​ច្រើន​នោះ​ទេ ដោយ​ប្រើប្រាស់​ជី​អ៊ុយ​រេ ឬ​ជីធម្មជាតិ​បន្តិចបន្តួច​ប៉ុណ្ណឹង។​

លោក អ៊ុ​ល មាន​ប្រសាសន៍​បន្ត​ថា ការ​ដាំ​ស្លឹក​ខ្ទឹម​មាន​ភាព​ងាយ​ស្រួល​ក៏​ពិត​មែន ​តែ​ត្រូវ​មាន​ការ​ថែទាំ​ដូច​បន្លែ​ដទៃទៀត​ដែរ អាស្រ័យ​ដោយសារតែ​ស្លឹក​ខ្ទឹម​មាន​អាយុកាល​តែ​ជាង​១​ខែ ​១០​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​អាច​ដក​យក​ទៅ​លក់​ផ្សារ ត្រូវ​មាន​ឈ្មួញ​ចូល​មក​ប្រមូល​ទិញ​ដល់​កន្លែង​ដាំ​តែម្តង។​

នៅក្នុង​ផ្ទៃដី​ដូច​បាន​រៀបរាប់​ខាងលើ​លោក អ៊ុ​ល ត្រូវ​ចំណាយ​ថវិកា​ជា​ទុន​ដាំ​ស្លឹក​ខ្ទឹម​ប្រមាណ​ជា​២​លាន​រៀល ហើយ​ទទួល​បាន​ចំណូល​មកវិញ​ប្រមាណ​៥​លាន​រៀល ​និង​អាច​ដាំ​បាន​ច្រើនដង​ក្នុង​១​រដូវ អាស្រ័យ​នៅ​នឹង​អំណោយ​ទឹក​បរិបូរណ៍​នៅ​ទីនោះ​ផង​ដែរ។​

ដំណាំ​ស្លឹក​ខ្ទឹម​មាន​ឈ្មួញ​មក​ម៉ៅ​ដល់​រង​ខ្ទឹម​រាប់​តោន​ក្នុង​មួយ​លើក​ដែល​ជា​ឱកាស​ឲ្យ​កសិករ​ក្នុង​តំបន់​នោះ​មាន​ការងារ​រក​ចំណូល​បាន​យ៉ាង​សមរម្យ។ លើ​ទីផ្សារ​ក្នុងស្រុក​ស្លឹក​ខ្ទឹម​ដែល​មាន​ស្លឹក​ធំៗ​គុម្ព​ប៉ុនៗ​មេដៃ​ល្អ​គិត​ជា​គីឡូ ដោយ​ក្នុង​១​គីឡូក្រាម​ស្មើនឹង​២.០០០​រៀល គ្រា​ដែល​សំបូរ​ច្រើន តែ​បើ​មិនសូវ​សំបូរ​វិញ​ស្លឹក​ខ្ទឹម​អាច​លក់​បាន​៥.០០០​រៀល​ក្នុង​១​គីឡូក្រាម ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ ស្លឹក​ខ្ទឹម ​ត្រូវការ​មើម​ច្រើន​អាស្រ័យ​ដោយ​ទុក​មើម​ចាស់​រក្សាទុក​ដាំ​នៅ​ឆ្នាំក្រោយៗ​ទៀត៕ កញ្ញា វ៉ាត​.


Post a Comment

0 Comments

Close Menu