Ad Code

នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនជាប់ចោទ​ម្នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស(Update)

នគរបាល​ខណ្ឌដង្កោ​បញ្ជូន​ជនជាប់ចោទ​ម្នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស

ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ បាន​ដឹក​បញ្ជូន​ជនជាប់ចោទ​ម្នាក់ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​កែប្រែ (​ម​១) ហៅ គុក​ព្រៃ​ស តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ជនជាប់ចោទ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស ដោយ​យោង​ទៅតាម​ដីកា បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៧០ និង​៧១ ត ព្រ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥។

ជនជាប់ចោទ​ឈ្មោះរិ​ទ្ធ សុខ​កែវ ហៅ ទិ​ត្យ សុគា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សន ស្រី​ពៅ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេតចាយ រស់នៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង ២១​និង​៤០​នាទី ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ សុខ​កែវ ហៅ ទិ​ត្យ សុគា បាន​ដើរមក​ផ្ទះ​ជនរងគ្រោះ ដើម្បី​សួរ​រក​ស៊ីម​ទូរស័ព្ទ​ដែល​ឈ្មោះ ចាន់ សុផល ត្រូវជា​ប្តី​ជនរងគ្រោះ​បាន​ខ្ចី​ពី​ថ្ងៃ​មុន។ ពេលនោះ​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​ជនសង្ស័យ​ថា ប្តី​របស់​គាត់​ឈ្មោះ ចាន់ សុផល មិន​នៅផ្ទះ​ទេ តែ​ជនសង្ស័យ​មិន​ព្រម​ស្តាប់​សំដី​ជនរងគ្រោះ​នោះ​ទេ នៅតែ​ទារក​ស៊ី​ទូរស័ព្ទ​ពី​ប្តី​របស់​ជនរងគ្រោះ​ដដែលៗ។ ដោយ​ឮ​បែបនេះ​ជនរងគ្រោះ​ក៏បាន​និយាយ​ទៅកាន់​ជន​រង​សង្ស័យ​ម្តង​ទៀត​ថា ចាំ​ថ្ងៃស្អែក​រូប​គាត់​សន្យា​ទិញ​ស៊ីម​ទូរស័ព្ទ​ថ្មី​សង​វិញ គ្រាន់តែ​ប៉ុណ្ណឹង​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​ដោះ​ខ្សែ​ក្រវ៉ាត់​ពី​ចង្កេះ​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែក​ចិញ្ចើម​ខាងឆ្វេង​ហូរឈាម​ពេញ​ផ្ទៃមុខ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​កញ្ចក់​តុ​ដាក់​ទូរទស្សន៍​បណ្តាល​ឲ្យ​បែក និង​ផ្តាច់​ខ្សែ​មុង​របស់​ជនរងគ្រោះ​ចោល​ទៀត។

សមត្ថកិច្ច​ប្រាប់​បន្ត​ថា គ្រា​នោះ​ដែរ​ជនរងគ្រោះ បាន​ស្រែក​ហៅរក​សាច់ញាតិ​ជិតខាង​ឲ្យ​មក​ជួយ ពេលនោះ​ប្អូនថ្លៃ​ជនរងគ្រោះ​ក៏បាន​រត់​ចេញពីផ្ទះ​នៅ​ក្បែរ​នោះ​ដើម្បី​មក​ជួយ ស្រាប់តែ​ជនសង្ស័យ​បានឃើញ​ដូច្នេះ​ក៏​ស្រ​វ៉ា​រត់គេច​ខ្លួន​បាត់ស្រមោល។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៥ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង រហូត​វេលា​ម៉ោង ១៥ និង​៣០​នាទី ថ្ងៃ​ដដែល ទើប​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយពី​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ទៅលើ​ជនសង្ស័យ​ខាងលើ ក៏​ធ្លាយ​១​រឿង​ផ្សេងទៀត គឺ​ករណី​លួច​ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង ក្នុង​នោះ​១​គ្រឿង ម៉ាក ខេម​ហ្វូ​ន និង​១​គ្រឿង​ទៀត ម៉ាក សាំ​ស៊ុ​ង របស់​ជនរងគ្រោះ ឈ្មោះ សាយ សុខលី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់​បន្លែ ទីលំនៅ​ភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ហើយ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ជនសង្ស័យ​ផងដែរ៕

រ៉ា​វុ​ទ្ធ

Post a Comment

0 Comments

Close Menu