កណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាសេព និងចែកចាយថ្នាំញៀន ដោយសារខឹងយកប្លង់ដីពីម្ដាយមិនបាន ក៏ឈ្លោះរករឿងវាយតប់ទៅលើជនរងគ្រោះជាបងប្រុសខ្លួនឯងដោយបានចាប់កអាវរុញផ្ទប់និងគ្រែ រួចយកដងពូថៅវាយឲ្យរបួសចំនួនបីកន្លែង ពេលបងប្រុសប្ដឹងនគរបាលទៅឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច នៅក្នុងផ្ទះរបស់ជនសង្ស័យនោះ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥នៅក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផល សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះមានឈ្មោះ ផល សុខម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជាមួយគ្នា ដោយរងរបួសចំនួនបីកន្លែង ដោយសារជនសង្ស័យជាប្អូនបង្កើតវាយ និងដងពូថៅរបួសបីកន្លែង។ តាមជនរងគ្រោះនិយាយថា មុនពេលកើតហេតុជនសង្ស័យបានសួរម្ដាយរបស់ខ្លួនរកប្លង់ដី តែត្រូវម្ដាយប្រាប់ថា នៅផ្ទះគេសំដៅលើផ្ទះរបស់បងប្រុសបង្កើតរបស់ជនរងគ្រោះ គ្រាន់តែឭម្ដាយនិយាយបែបនេះជនសង្ស័យបានគំរាមថា ចាំស្អែកវាយគេម្នាក់សំដៅលើបងប្រុសបង្កើតរបស់ខ្លួនតែម្ដង។
លុះមកដល់ថ្ងៃកើតហេតុ ខណៈជនរងគ្រោះត្រឡប់មកពីដឹកប្រពន្ធទៅរោងចក្រវិញ ជនសង្ស័យបានចាប់ក្របួចកអាវរុញផ្ទប់ទៅនឹងគ្រែ រួចយកដងពូថៅវាយចំនួនបីខ្នងពូថៅ បណ្ដាលឲ្យរបួសដងខ្លួនបីកន្លែង។
បន្ទាប់មកជនរងគ្រោះមកដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយធ្វើអន្តរាគមន៍ចុះចាប់ខ្លួនជនសង្ស័យ ពេលនគរបាលសួរនាំព្រោះជនសង្ស័យជាមុខសញ្ញាគ្រឿងញៀននៅក្នុងបញ្ជីផងនោះ ទើបដឹងថាជនសង្ស័យលាក់ទុកគ្រឿងញៀននៅក្នុងផ្ទះរបស់ខ្លួននគរបាលនាំឲ្យទៅចង្អុលបង្ហាញរកឃើញថ្នាំញៀនមួយកញ្ចប់តូច និងមានសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ ពេលនេះនគរបាលបានកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
វិទូ
0 Comments