Ad Code

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ចប់​អាណត្តិ​ថា​ នឹង​ចូលរួម​សង្កេតការណ៍ ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦



ភ្នំពេញ ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម វីលៀម ជេស ឡុង​ហឹ​ស្ត (William Jesse Longhurst ) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចប់​អាណត្តិ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​រដ្ឋសភា​។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឯកអគ្គរាជទូត បាន​បញ្ជាក់ថា ឯកឧត្តម​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅក្រោយ​ការបោះឆ្នោត​សកល​រួច​។ ដូច្នេះ​ឯកឧត្តម​នឹងចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នោះ​ផងដែរ​។ ឯកឧត្តម វីលៀម ជេស ឡុង​ហឹ​ស្ត បាន​មានប្រសាសន៍ថា នៅក្នុង​បេសកកម្ម​ការទូត​៤​ឆ្នាំ​នៅ​កម្ពុជា ឯកឧត្តម​បាន​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ឆ្នាំ​២០១៨​នេះ ជាការ​បោះឆ្នោត​សកល ជា​បទពិសោធន៍​ថ្មី​មួយ ដែល​ឯកឧត្តម​នឹង​ទទួលបាន​។ ក្នុងនាម​រដ្ឋាភិបាល​អ​ង់​គ្លេ​ស ឯកឧត្តម​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា អង់គ្លេស​សង្ឃឹមថា ការបោះឆ្នោត​នាពេលខាងមុខ​នេះ នឹង​ដំណើរការ​ទៅដោយ​រលូន មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​អង់គ្លេស​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ។​

អ្វី​ដែលជា​សមិទ្ធផល​នៅក្នុង​រយៈ​បេសកកម្ម​៤​ឆ្នាំ មកនេះ ឯកឧត្តម វីលៀម ជេស ឡុង​ហឹ​ស្ត បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ​ស្ថានទូត​អង់គ្លេស​។ ស្ថានទូត​អង់គ្លេស បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា នៅក្នុង​ការពង្រឹង​សមត្ថភាព​តំណាងរាស្ត្រ​ជា​ស្ត្រី តាមរយៈ​ការរៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ជាច្រើនលើក​។ ឯកឧត្តម វីលៀម ជេស ឡុង​ហឹ​ស្ត បាន​គូសបញ្ជាក់​បន្ថែមថា កន្លងមក​អង់គ្លេស​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​អង់គ្លេស ផ្តល់ជំនួយ​ខាង​ដោះមីន និង​សកម្មភាព​សង្គម​ជាច្រើន​ទៀត ហើយ​បេសកកម្ម​នោះ ​នឹង​នៅ​បន្ត​ទៅមុខទៀត​។

ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា​រហូតមក​។ សម្តេច​បាន​លើកឡើងថា កម្ពុជា​-​ចក្រភព​អង់គ្លេស មាន​ទំនាក់ទំនង​ការទូត ជាមួយគ្នា​ជាង​៦​ទសវត្សរ៍​មកហើយ ហើយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រទេស​ទាំងពីរ បាន​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ទៅវិញ ទៅមក ជាពិសេស​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប ឯកឧត្តម​ឯកអគ្គរាជទូត​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ចុងខែ​កក្កដា ខាងមុខ ដែលមាន​គណបក្សនយោបាយ​ចំនួន ២០ ចូលរួម​ប្រកួតប្រជែង​។ ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅតាម​ការកំណត់​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ កម្ពុជា ខិតខំ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍ​​សេដ្ឋកិច្ចសង្គម នាំមក​នូវ​សេចក្តីសុខក្សេមក្សាន្ត ជូន​ប្រជាជន​កម្ពុជា​។ សម្តេច​បាន​ផ្តាំផ្ញើ​ថា ទោះបី​បេសកកម្ម​ការទូត​របស់ ឯកឧត្តម នៅ​កម្ពុជា ត្រូវបាន​បញ្ចប់ និង​ទៅ​បំពេញភារកិច្ច​នៅ​ស្ថាប័ន​ផ្សេង​ក្តី សូម ឯកឧត្តម​នៅតែ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា និង​ជួយ​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ទេសចរណ៍​កម្ពុជា ដល់​ប្រជាជន និង​អ្នក​វិនិយោគិន​នៅ​អង់គ្លេស ឲ្យ​កាន់តែច្រើន​ថែមទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu