Ad Code

ក្រុម​Down Town Sport FC កាន់តែ​ដាច់​ឆ្ងាយ​នៅ​តំបន់​កំពូល​តារាង​ក្នុង​ពាន​លី​គ​ហ្វូ​ត​សាល​ត្រឹម​សប្ដាហ៍​ទី​១៣



ក្រុមបាល់ទាត់ Down Town Sport FC កាន់តែ​ដាច់​ឆ្ងាយ​ក្នុង​តំបន់​កំពូល​តារាង​នៃ​ពានរង្វាន់​លីគ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រឹម​សប្ដាហ៍​ទី​១៣ ខណៈ​ក្រុម​ទាំង​១០​បាន​ទាត់​បញ្ចូល​ទី​គ្នា​រហូតដល់​៦៦​គ្រាប់​ក្នុងចំណោម​៥​ប្រកួត​។

​សរុប​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​១៣ មាននៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ក្រុម Home Sport FC ឈ្នះ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ៩​ទល់​៨ ខណៈ​ក្រុម Down Town Sport ស្មើគ្នា​ជាមួយ​ក្រុម​ឆន្ទៈ​កីឡា ៣ទល់​៣ និង​ក្រុម​អាណាចក្រ​បៃតង ឈ្នះ​ក្រុម Panda FC ៨​ទល់​៦​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ក្រុម Fan Sport ឈ្នះ​ក្រុម B.A United ១០​ទល់​៩ និង​ក្រុម​ឱ​ម៉ា​ល់ ឈ្នះ​ក្រុម​យុវជន​៧​មករា ៨​ទល់​២​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន ​ក្រោយ​ប្រកួត​បាន​១៣​លើក​ម្នាក់​មក​ឃើញថា ​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​៣០​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ឱ​ម៉ា​ល់ ឈរ​លេខ​២ មាន​២៧​ពិន្ទុ ក្រុម​Home Sport ឈរ​លេខ​៣ មាន​២៧​ពិន្ទុ ស្មើគ្នា​ខុស​គ្រាប់​បាល់​ចំណេញ ហើយ​ក្រុម​លេខ​៤ ស​.​ស​.​យ​.​ក កំចាយមារ មាន​២៤​ពិន្ទុ​។ ក្រុម​លេខ​៥ អាណាចក្រ​បៃតង មាន​២១​ពិន្ទុ ហើយ​ក្រុម​លេខ​៦ Fan Sport FT មាន​១៨​ពិន្ទុ​។ លេខ​៧ ក្រុម Panda FC មាន​១៤​ពិន្ទុ ហើយ​ក្រុមយុវជន​៧​មករា ឈរ​លេខ​៨ មាន​១១​ពិន្ទុ ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៩ មាន​១១​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៤​ពិន្ទុ​។

ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១​និង​ប្រាក់​រង្វាន់​២០​លាន​រៀល​ផងដែរ។



ចំណែក​កម្មវិធី​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១៤ ខាងមុខ​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ជួប​ក្រុម B.A United នៅ​ម៉ោង​២និង៣០​នាទី​រសៀល ហើយ​ក្រុម Home Sport FC ជួប​ក្រុម​អាណាចក្រ​បៃតង នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម Down Town Sport ប៉ះ​ឱ​ម៉ា​ល់ នៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច​។ នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម Fan Sport FT ជួប​ក្រុម Panda FC នៅ​ម៉ោង​៤​ល្ងាច​និង​នៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច​ក្រុម​ឆន្ទៈ​កីឡា ប៉ះ​ក្រុមយុវជន​៧​មករា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu