ករណីកើតជំងឺបង្កដោយបាក់តេរី Salmonella នៅក្នុងរដ្ឋជាច្រើនពាក់ព័ន្ធទៅនឹងផ្លែម៉ឺឡុងដែលពុះកាត់ជាស្រេច នោះបានបណ្តាលឲ្យមនុស្ស៦០នាក់ធ្លាក់ខ្លួនឈឺក្នុងចំណោម៥រដ្ឋ នៅពាក់កណ្តាលភាគខាងលិចសហរដ្ឋអាមេរិក។ នេះជាសេចក្តីរាយការណ៍ធ្វើឡើងដោយមជ្ឈមណ្ឌល USCDC កាលពីថ្ងៃសុក្រ។ មានមនុស្សឈឺ៦នាក់នៅរដ្ឋ Illiois, ១១នាក់នៅរដ្ឋ Indiana, ៣២នាក់នៅរដ្ឋ Michigan ១០នាក់ នៅរដ្ឋ Missouri និងម្នាក់នៅរដ្ឋ Ohio ។
មនុស្ស៣១នាក់ត្រូវបាននាំចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាការលើកឡើងពី CDC ហើយពុំមានអ្នកស្លាប់ត្រូវបានរាយការណ៍នោះទេ។
អាការៈរាគរូស គ្រុនក្តៅខ្លួននិងរមួលក្នុងពោះ សុទ្ធតែជារោគសញ្ញានៃការឆ្លង Salmonella ។ សញ្ញាដែលប្រាប់ឲ្យដឹងថាធ្លាក់ខ្លួនឈឺទៅហើយគឺរវាងពី១២ទៅ៧២ម៉ោង ហើយប្រសិនបើយូរជាងនេះ កឺចាប់ពី៤ទៅ៧ថ្ងៃ។
ស្ថាប័នរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថសហរដ្ឋអាមេរិក USFDA ដែលកំពុងធ្វើការស៊ើបអង្កេតពីករណីកើតមានបញ្ហានេះ រួមជាមួយមជ្ឈមណ្ឌល CDC គឺស្វែងរកអត្តសញ្ញាណអ្នកផ្គត់ផ្គង់ត្រសក់ម៉ឺឡុង Cantaloupe ដែលដាក់លក់នៅតាមហាងដែលអ្នកជំងឺទិញយកទៅបរិភោគ។
អ្នកទិញត្រសក់ម៉ឺឡុង ដែលជិតសម្បក កាត់ជាកង់ៗ ពុះរួចជាស្រេចនោះគឺទិញពីហាង Walmart Stone នៅក្នុងរដ្ឋ Illinois Indiana Michigan Missouri ឬរដ្ឋ Ohio គួរតែកុំបរិភោគវាហើយត្រូវបានក្រើនរំលឹកឲ្យយកទៅបោះចោលទៅ៕
ស៊ី.អិន.អិន
Source: Kampuchea Thmey Daily
0 Comments