ភ្នំពេញ ៖ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ម៉ាទី ស៊ីថារ៉ាម៉ាន (Shrimati Nirmala Sitharaman) រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋឥណ្ឌា នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅក្នុងជំនួបនោះ ភាគីឥណ្ឌា បានបង្ហាញអំពីការគាំទ្រដល់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកន្លងមក ឥណ្ឌាតែងបានជួយបណ្តុះបណ្តាល និងផ្តល់គ្រូបង្វឹកជាច្រើននាក់ដល់កម្ពុជា ហើយកម្ពុជាក៏បានបញ្ជូនកម្មសិក្សាការី ទៅកាន់ប្រទេសឥណ្ឌាវិញ ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្ពង់ខ្ពស់ផងដែរ។
តាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅក្នុងជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំណូមពរឲ្យសាធារណរដ្ឋឥណ្ឌា បន្តជួយកាន់តែសកម្មបន្ថែមទៀត ជាពិសេស គឺការបំពាក់បន្ថែមទៀត នូវឧបករណ៍ដែលទំនើបៗ ពីសាធារណរដ្ឋឥណ្ឌា ក្នុងការដោះស្រាយមីន ដើម្បីបំពេញតម្រូវការនៃកងកម្លាំងរបស់កម្ពុជា ដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅក្នុងបណ្តាលប្រទេសមួយចំនួន ដោយឥណ្ឌាបានទទួលបាននូវការយល់ពីកិច្ចការងារនេះ ហើយឥណ្ឌានឹងជួយកម្ពុជា ឲ្យកាន់តែមានកម្លាំង កាន់តែមានសុវត្ថិភាពខ្លាំងក្លាបន្ថែមទៀត ខាងវិស័យប្រតិបត្តិការថែរក្សាសន្តិភាព នៅក្រៅតំបន់។
នៅក្នុងជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ដ្រីក្រសួងការពារប្រទេសឥណ្ឌាថា បានផ្តល់ផលប្រយោជន៍ច្រើនណាស់ ហើយឥណ្ឌាសន្យាសហការឲ្យបានជិតស្និទ្ធជួយកិច្ចការដែលយើងបានធ្វើកន្លងមកនេះ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ថា ក្នុងជំនួបរវាងសម្តេចពិជ័យសេនា និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់ឥណ្ឌា បានបង្ហាញពីភាពស្និទ្ធស្នាល ហើយភាគីទាំងពីរ ក៏មិនមានលើកឡើងអំពីរឿងនយោបាយផងដែរ។
សូមបញ្ជាក់ថា លោកជំទាវ ម៉ាទី ស៊ីថារ៉ាម៉ាន (Shrimati Nirmala Sitharaman) រដ្ឋមន្ដ្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋឥណ្ឌា អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់វិស័យការពារជាតិរវាងប្រទេសទាំងពីរ។
លោកជំទាវ Shrimati Nirmala Sitharaman បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋឥណ្ឌា កាលពីខែកញ្ញា ឆ្នាំ២០១៧៕
Source: Kampuchea Thmey Daily
0 Comments