Ad Code

អ្នកជំនាញ​បុរាណវិទ្យា​បាន​រកឃើញ​មាន​ស្ថានីយ​ឡ​ស្លដែក នៅ​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប



ព្រះ​វិហារ ៖ ក្រុមការងារ​ផ្នែក​បុរាណវិទ្យា ដឹកនាំ​ដោយ​លោក ផុន កសិកា និង​អ្នកជំនាញ​បុរាណវិទ្យា​ជាច្រើន​នៃ​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​ស្ថាប័ន​ចំណុះ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ឆ្នាំ​២០១៧​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្តីពី «​មរតក​វប្បធម៌​រូបី និង​អរូបី នៅ​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​” ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ឆែប​១ និង​ឃុំ​ឆែប​២ ស្រុក​ឆែប​ខេត្តព្រះវិហារ​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុ​ជាមាន​ក្រឡា​ផ្ទៃ​ចំនួន ១១៤៣៥​ហិក​តា​។



ដោយមាន​ការចូលរួម​ពី​មន្ត្រី​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ផង​នោះ ការស្រាវជ្រាវ​បាន​រុករក និង​រកឃើញ​ស្ថានីយ​បុរាណ​ដែលជា​មរតក​វប្បធម៌​រូបី​ជាច្រើន មាន​ទួល​សន្លុង (​ទួល​ឡ​ស្លដែក​)​ត្រពាំង​សន្លុង (​ត្រពាំង​តូចៗ​ដែល​គេ​ជីក​នៅជាប់​ទួល​សន្លុង​) ត្រពាំង និង​បុរាណវត្ថុ​ជាច្រើន​មានដូចជា កុលាលភាជន៍ ត្រ​ឡែក​តូច ត្រ​ឡែក​ធំ និង​ឧបករណ៍​ផលិត​ពី​ដែក មាន​ផ្លែ​ចបជីក ផ្លែ​ដឹង ចង្កំដងកាំបិត ដងកាំបិត និង​ដែកគោល​ជាដើម​។​នៅ​ឆ្នាំ​២០១៨​មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​ធ្វើការ​សិក្សា​បន្ដ​។ ស្ថានីយ​បុរាណ និង​វត្ថុ​បុរាណ​បន្ថែម​មួយចំនួនទៀត​ក៏ត្រូវ​បាន​រកឃើញ មានដូចជា ទួល​សន្លុង (​ទួល​ឡ​ស្លដែក​) បណ្តុំ​ទួល​សន្លុង​រួមទាំង​បុរាណវត្ថុ​មួយចំនួន មាន​កុលាលភាជន៍ ត្រ​ឡែក​តូច ត្រ​ឡែក​ធំ ដុំថ្ម​ភក់​ប្រើ​ក្នុងការ​ស្មិត​ដែក ផ្លែ​ចបជីក ផ្លែ​ដឹង ចង្កំ​ដង កាំបិត ដងកាំបិត និង ដែកគោល​ជាដើម និង​ឧបករណ៍​ថ្ម​រំលីង ដែល​គេ​គិតថា​មនុស្ស​ក្នុងសម័យ​បុរេប្រវត្តិ ផលិត និង យកមកប្រើ​សម្រាប់​ធ្វើក​សិ​កម្ម ដាំ​ដំណាំ កាប់​ព្រៃឈើ​ជាដើម​។ ផ្អែក​តាម​ការកំណត់​កាលបរិច្ឆេទ​របស់លោក ឆាល ហាយ​ហេម (Charles F. W. Higham) ឧបករណ៍​ថ្ម​រំលីង​ដែល​ស្ថិតក្នុង​យុគ​ថ្ម​រំលីង ឬ​សម័យ​ថ្ម​រំលីង មាន​អាយុកាល​ប្រហែល​ចាប់ពី​រវាង​ឆ្នាំ​៨០០០-៦០០០​មុន​គ្រិស្តសករាជ ប៉ុន្តែ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ ការកំណត់​អាយុកាល​យុគ ថ្ម​រំលីង ចាប់ពី​២៥០០-២០០០​ឆ្នាំមុន​គ្រិស្តសករាជ​។​លោក Charles F. W. Higham ក៏បាន​សន្និដ្ឋាន​ដែរ​ថា ការធ្វើ​កសិកម្ម​ស្រូវ​ដំបូងៗ បានកើត​ឡើង​នៅ​តំបន់​ជ្រលង​ទន្លេ​យ៉ាង​ហ្ស៊ី (Yangzi) និង​ជ្រលង​ទន្លេ​លឿង (Yellow River) ហើយ​បាន​បន្ត​មក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​៣០០០​ឆ្នាំមុន​គ្រិស្តសករាជ ដែល​ស្ថិតក្នុង​យុគ​ថ្ម​រំលីង​។​រីឯ​នៅ​ប្រទេស កម្ពុជា​វិញ យុគ​ថ្ម​រំលីង​មាន​អាយុ​ប្រហែល​២០០០​ឆ្នាំមុន​គ្រិស្តសករាជ​។



តាម​ការស្រាវជ្រាវ​ពី​មន្ត្រី​ជំនាញ​បុរាណវិទ្យា​នៃ​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ ដែលជា​ស្ថាប័ន​ចំណុះ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានបញ្ជាក់​បន្ថែម​ពី លទ្ធផល​ស្រាវជ្រាវ​កន្លងមក ថា មាន​ភស្តុតាង​នៃ​ការរស់នៅ​របស់​មនុស្ស​នៅ​ស្ថានីយ​ឡ​ស្លដែក​នៅ​ឧទ្យាន​រាជ បណ្ឌិត្យសភា​កម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប អាច​កំណត់​បានតែ​ក្នុង​យុគ​ថ្ម​រំលីង​ប៉ុណ្ណោះ ដោយ​មិនឃើញ​មាន​ភស្ដុ តាង​បុរាណវត្ថុវិទ្យា​បង្ហាញថា​មនុស្ស​យុគ​ក្រោយៗ​មកទៀត ដូចជា​យុគ​សំរឹទ្ធ យុគ​ដែក មក​តាំង​ទីលំនៅ​ក្នុង​ឧទ្យាន​នេះឡើយ​។​ហើយ​ភស្តុតាង​នៃ​ការរស់នៅ​របស់​មនុស្ស​បាត់ដាន​ដ៏​វែងឆ្ងាយ​រហូតដល់​ពេល​មួយ​ដែល​តំបន់​នេះ (​បច្ចុប្បន្ន​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​) ចាប់ផ្ដើម​មានការ​មក​តាំង​ទីលំនៅ​ឡើងវិញ ហើយ​ប្រែក្លាយជា​តំបន់​ផលិត​ដែក​ធំ​មួយ​ក្នុង​សម័យអង្គរ (​ចាប់ពី​សតវត្ស​ទី​១១ ដល់​សតវត្ស​ទី​១៣) ក្នុងចំណោម​តំបន់​ផលិត​ដែក​ផ្សេងៗ​ទៀត​ដូចជា​នៅ​តំបន់ភ្នំ​ដែក ស្រុក​រវៀង និង​តំបន់​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តព្រះវិហារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu